ព័ត៌មានជាតិ

សម្តេចធិបតី ៖ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំឱ្យបានគង់វង្ស

ភ្នំពេញ៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជា ទទួលបាន គឺជាសម្បត្តិដែលត្រូវថែទាំ ឱ្យបានគង់វង្ស ។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាព លើជំនឿសាសនាយ៉ាងទូលំទូលាយ​ ដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនាកម្មសាសនិក នៃគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា ។

ប​ន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ នៅកម្ពុជា រួមមានកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ លើទឹកដីកម្ពុជា និងជាលើកទី១ លើសកលលោក​ និងការរៀបចំសន្និបាត​ លើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានបង្ហាញពីសាមគ្គីភាព ​និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ​ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងនិងថែរក្សា យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាន នៃសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមគូសបញ្ជាក់ថា ការប្រេះស្រាំរើសអើងជាតិសាសន៍ និងអាចបង្កើតនូវជម្លោះជាតិសាសន៍ ហើយអាចបាត់បង់នូវមួយផ្នែកនៃសុខសន្តិភាព និងស្ថេរភាពសង្គម ដូច្នេះ កម្ពុជា ដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំ ឱ្យបានគង់វង្ស” ។

បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បច្ចុ​ប្បន្នរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបំពេញបេសសកម្ម ដ៏ឧត្តងឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបន្តជំរុញការអនុវត្ត ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

To Top