ព័ត៌មានជាតិ

គ.ជ.ប បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី ត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

នាឱកាសនោះ លោក ស៊ុំ ប៊ុនហុង បានមានប្រសាសន៍ថា ការពង្រឹងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តជាប្រចាំ តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការប្រជុំជាមួយភាគីពាក់ព័ន្ធជាទៀងទាត់ ការផ្តល់លិខិតអញ្ជើញ ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងជាពិសេសការបណ្តុះបណ្តាលដល់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងនៅថ្នាក់ គ.ជ.ប ថ្នាក់រាជធានី ខេត្ត និងនៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ ឱ្យបានយល់ច្បាស់ អំពីបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី បច្ចេកទេស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីយកទៅធ្វើការបណ្តុះបណ្តាលបន្ត និងយកទៅអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណងធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋ និងធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។

លោក ស៊ុំ ប៊ុនហុង បានគូសបញ្ជាក់ថា កន្លងមក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតប្រចាំឆ្នាំ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួន ដែលមានការប្រែប្រួលស្ថានភាព ដូចជាករណី ការផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ការកែតម្រូវករណីខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ករណីផ្លាស់ប្តូរ ឯកសារចុះឈ្មោះបោះឆ្នោត របស់អ្នកបោះឆ្នោតតាមឯកសារថ្មីប៉ុណ្ណោះ ប៉ុន្តែ គ.ជ.ប ពុំបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដែលមានរូបថត និងស្នាមម្រាមដៃ របស់អ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងតិច ១០ឆ្នាំឡើងទៅនោះទេ។ ហេតុនេះហើយបានជា គ.ជ.ប សម្រេចធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ របស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាព ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

លោកបានបន្តថា ចាប់ពីឆ្នាំ២០២៥ នេះតទៅ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គ.ជ.ប នឹងធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើង ប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋគ្រប់រូប។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ៦០នាក់៕

To Top