ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលកិច្ចប្រជុំ គ.ជ.ប​ លេីការពិនិត្យ​និងសម្រេច​ របៀបវារៈ៣ចំណុច

ភ្នំពេញ៖​ គណៈកម្មាធិការជាតិ​ រៀបចំការបោះឆ្នោត (គ.ជ.ប)​ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ​ បានបើកកិច្ចប្រជុំ​ ដើម្បីពិនិត្យនិងសម្រេចលើកំណត់ហេតុ​ នៃកិច្ចប្រជុំ គ.ជ.ប ឯកសារបោះពុម្ពផ្សាយ សម្រាប់ផ្សព្វផ្សាយ​ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងលទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា​ រយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានីខេត្ត​ រៀបចំការបោះឆ្នោតទាំង២៥​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប ។ 

ក្រោយពីបានស្តាប់របាយការណ៍​ របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារ​ តាមរបៀបវារៈនីមួយៗ​ រួចហើយ អង្គប្រជុំ គ.ជ.ប បានពិភាក្សាគ្នា និងបានកែសម្រួលលើចំណុចនីមួយៗ​ នៃឯកសារទាំងនោះ បន្ទាប់មកអង្គប្រជុំគ .ជ.ប បានឯកភាពដូចខាងក្រោម៖

.របៀបវារៈទី១៖ បានពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២៥​ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

.របៀបវារៈទី២៖ បានពិនិត្យ និងកែសម្រួលចំណុចមួយចំនួន ហើយសម្រេចលើឯកសារបោះពុម្ពផ្សាយ ចំនួន ២មុខ សម្រាប់ផ្សព្វផ្សាយ​ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖

– សៀវភៅអប់រំ​ សម្រាប់អ្នកចុះឈ្មោះបោះឆ្នោត 

– ស្ទីគ័រ (Sticker) ស្តីពីកាលបរិច្ឆេទ​ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

.របៀបវារៈទី៣៖ បានពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើស​ មន្រ្តីជាប់កិច្ចសន្យា​រយៈពេលខ្លី បម្រើការងារ​ នៅតាមលេខាធិការដ្ឋានរាជធានី ខេត្ត​ រៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥​ ដែលការប្រឡងនោះបានប្រព្រឹត្តទៅ​ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។

ផ្អែកតាមរបាយការណ៍​ របស់ប្រធានអនុគណៈកម្មការកណ្តាលរៀបចំការប្រឡង បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡង​ នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សរុបទូទាំងប្រទេសមានចំនួន ៧៧៧ នាក់ តាមមុខតំណែ ងដូចខាងក្រោម៖

១. គ្រូបង្ហាត់ទ្រឹស្តី  ចំនួន ២៨៧ នាក់

២. គ្រូបង្ហាត់ដែលអាចប្រើកុំព្យូទ័របាន  ចំនួន ២៧៦ នាក់

៣. ជំនួយការរដ្ឋបាល  ចំនួន ៣៣នាក់

៤. ជំនួយការគណនេយ្យ  ចំនួន ៣៥ នាក់

៥. ជំនួយការប្រតិបត្តិការ  ចំនួន ២ នាក់

៦. ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម  ចំនួន ២៨នាក់

៧. លេខាធិការ  ចំនួន ៤៦ នាក់

៨. ការីកុំព្យូទ័រ ចំនួន ៥៥ នាក់

៩. អ្នកបើកបររថយន្ត  ចំនួន ១៥នាក់។

ក្រោយបញ្ចប់ការប្រឡង អនុគណៈកម្មការកណ្តាលនៅ គ.ជ.ប បានទទួលសន្លឹកកិច្ចការរប ស់បេក្ខជនពីអនុគណៈកម្មការរៀបចំការប្រឡង​ តាមរាជធានី ខេត្តទាំង ២៥ បន្ទាប់មកបានធ្វើកិច្ចការកំណែ និងដាក់ពិន្ទុស្របតាមគោលការណ៍កំណត់របស់ គ.ជ.ប។

សរុបជាលទ្ធផល បេក្ខជនចំនួន ៥៥៥នាក់ បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី​ ដើម្បីបម្រើការងារទៅតាមមុខតំណែងចំនួន ៩ ខាងលើ នៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ 

ឈ្មោះបេក្ខជន​ ដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេ ត្តរៀបចំការបោះឆ្នោតទាំង ២៥ និងមានបង្ហោះតាមអាសយដ្ឋានវេប គ.ជ.ប៕

To Top