ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មាន ប្រហែល ១០០នាក់ ចូលរួមវេទិកាកិច្ចពិភាក្សា រវាងអ្នកសារព័ត៌មាន និងអ្នកជំនាញ ក្នុងវិស័យ ហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ ចំណេះដឹងហិរញ្ញវត្ថុ ការប្រើប្រាស់ តណទាន ប្រកបដោយការទទួលខុសត្រូវ និងស្ថានភាពឥណទាន នៅកម្ពុជាសម្រាប់ ឆ្នាំ២០២៤ នៅសណ្ឋាគារ NOVOTEL មានការអញ្ជើញ ចូលរួមពីសំណាក់លោក លាង ដឺលុច គណៈកម្មាធិការនាយក នៃបអ្នកកាសែតកម្ពុជា (ក.អ.ក) និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេម បូឌា (CBC) ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយ ក្រេឌីត យូរ៉ូ ខេម បូឌា (CBC) រៀបចំវេទិកាពិភាក្សាសារព័ត៌មាន ដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាស ដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច បានស្វែងយល់ អំពីតួនាទី នៃប្រព័ន្ធចែករំលែកព័ត៌មាន ឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ ស្ថិរភាព វិស័យហិរញ្ញវត្ថុ នៅក្នុងទីផ្សារ ឥណទាន, និន្នាការ នៃទីផ្សារឥណទាន និងឥរិយាបថអ្នក ប្រើប្រាស់ រួមទាំងស្ថាន ភាពឥណទាន នៅកម្ពុជាសម្រាប់ ឆ្នាំ២០២៤ ។

តាមរយៈនៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិ របស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទាន ជាមួយលក្ខខណ្ឌសមស្រប សម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការ ការពារសិទ្ធិរបស់អតិថិជន ផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទាន មានភាពមិនប្រក្រតីផងដែរ ។

ក.អ.ក ចាត់ទុកកិច្ចពិភាក្សានេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចដោយ ពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការប្រើឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាព ឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤៕




