ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យតម្រង់ទិសសិស្ស ត្រូវចាប់យក ជំនាញអ្វីមួយ ក្រោយបញ្ចប់ថ្នាក់ទី៩

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា កម្ពុជា បានណែនាំឲ្យក្រសួងពាក់ព័ន្ធ ត្រូវធ្វើការតម្រង់ទិសដៅ ដល់សិស្សានុសិស្សរៀន ក្នុងកម្រិតអនុវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ត្រូវឲ្យសម្រេចចិត្ត ក្នុងការចាប់ជំនាញអ្វីមួយ កុំចាប់បាច់ដល់ចប់ថ្នាក់ទី១២ ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញនៅព្រឹកថ្ងៃ២៦ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ មានសិស្សានុសិស្សខ្លះរៀនមកដល់ថ្នាក់ទី៩ហើយ គឺមិនអាចចាប់យកការបន្តសិក្សា ទៅមុខទៀតបានទេ ពោលដោយសារពួកគាត់រៀនមិនចូល ហើយក៏បានចេញទៅបម្រើការងារផ្សេងៗដែលមិនមានជំនាញច្បាស់លាស់ ដូច្នេះដើម្បីពង្រឹងដល់សមត្ថភាពពួក គាត់ឲ្យចាប់យកការងារ អ្វីមួយ ដែលជាជំនាញរបស់ខ្លួននោះ ក្រសួងយុវជន អប់រំនិងកីឡា ព្រមទាំងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតម្រង់ទិសអប់រំពួក គាត់អំពីមុខជំនាញអ្វីមួយ។

សម្តេចធិបតីបន្តថា សិស្សខ្លះមិនអាចបន្តសិក្សាទៅមុខទៀត មិនមែនមានតែនៅកម្ពុជានោះទេ នៅសិង្ហបុរីក៏មានដែរ ប៉ុន្តែដោយសារការតម្រង់ទិសអំពីជំនាញនេះហើយបានជាប្រទេសមួយចំនួនមានមូលដ្ឋានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់វិស័យឧស្សាហ៍កម្ម និងបច្ចេកវិទ្យា ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា “សម្រាប់យើង យើងត្រូវតម្រង់ទិសធ្វើយ៉ាងណាឲ្យកូនរបស់យើង ក្មួយរបស់យើង ចៅរបស់យើងគាត់អាចសម្រេចចិត្តនិងគិតគូរ និងជួយគាត់ដើម្បីសម្រេចចិត្តពីដើម ។ ពីមុនយើងមានដែរ កម្មវិធីនេះ ប៉ុន្តែយើងចាំដល់ថ្នាក់ទី១២ ចប់ហើយបានយើងតម្រង់ទិស។ អីចឹងហើយគាត់រៀន១២ឆ្នាំហើយបានទៅ ។ អីចឹងខ្ញុំឲ្យគិតគូរឡើងវិញ ថាគួរតែផ្តល់ការណែនាំនេះ ពីដើមតិចទៅ ដើម្បីឲ្យគាត់សម្រេចចិត្ត ។ អីចឹងគឺយើងបានដាក់ទិសដៅ ទៅថ្ងៃមុខ ចង់ឲ្យគាត់សម្រេចចិត្ត ក្រោយពីថ្នាក់ទី៩គាត់ទៅណា?”។

សម្តេចធិបតីបន្តថា ដូច្នេះពេលសិស្សានុសិស្សរៀន ពីថ្នាក់ទី៧-៨លោកគ្រូ-អ្នកគ្រូត្រូវចាប់ផ្តើម អប់រំពន្យល់ពួកគាត់ អំពីការចាប់យកជំនាញអ្វីសម្រាប់ខ្លួនឯង ។ សម្តេចក៏បានគូស សង្កត់ធ្ងន់ថា មានអ្នកខ្លះយល់ច្រឡំថា ការឲ្យរៀនជំនាញ វិជ្ជាជីវៈនៅពេលបញ្ចប់ទៅ នឹងចេញមកធ្វើជាកម្មករទាំងអស់ ប៉ុន្តែការគិតនេះគឺខុសហើយ ការចាប់យកជំនាញ មិនមែនចេញមក ធ្វើជាកម្មករគេទាំងអស់នោះទេ គឺមានជំនាញខ្លះជាជំនាញ បច្ចេកទេសនៅក្នុងក្រុមហ៊ុន ឬក៏ក្លាយជាអ្នកគ្រប់គ្រងគេផងដែរ ៕

To Top