ព័ត៌មានជាតិ

សម្តេចធិបតី នឹងធ្វើសកម្មភាពនានា ផ្គើនទៅក្រុមប្រឆាំងវិញ

ព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងនៅតែបន្តធ្វើសកម្មភាព នានា ដែលជាផលប្រយោជន៍ ដល់សង្គមជាតិកម្ពុជា ដើម្បីប្រឆាំងទៅនឹងមតិរិះគន់ របស់ក្រុមប្រឆាំងឧទ្ទាមក្រៅស្រុក ដែលតែងតែស្រែកមកថា រាជរដ្ឋាភិបាលពុំមានធ្វើអ្វីមួយ ដែលជាប្រយោជន៍ជាតិ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សកម្មភាពដែលសម្តេច នឹងធ្វើផ្គើនទៅក្រុមប្រឆាំងនោះគឺការចុះសម្ពោធសមិទ្ធផលនានាដូចជា សាលារៀនដែល នៅសល់ជិត១ពាន់កន្លែង និង ចុះដោះស្រាយបញ្ហា កង្វល់របស់ពលរដ្ឋ តាមរយៈការបង្កើនកម្មវិធី ផ្តល់ដីជូនពលរដ្ឋ ធ្វើបណ្ណសមធម៌ឲ្យពលរដ្ឋទៅពេទ្យ ដោយមិនអស់ថវិកាជាដើម ។

ចំពោះករណីរិះគន់ពីសំណាក់ ក្រុមប្រឆាំងនេះ សម្តេចឆ្លើយតបថា កុំរវល់ទៅឈឺក្បាល វិលមុខជាមួយពួកគេ ហើយបើមិនឆ្លើយឆ្លងទៅវិញ ពួកគេវិញទេដែលធ្វើឲ្យពិបាកក្នុងខ្លួនទៅវិញទេ ។

សម្តេចធិបតីគូសបញ្ជាក់ថា “វិធីសាស្រ្តយើង ទី១-កុំឈឺក្បាលនឹងអ្នកថាច្រើនពេក ទី២-ធ្វើផ្គើនវិញ ។ ផ្គើនរឿងអី បើគេថាឲ្យយើងគ្មានបានធ្វើអ្វីទាំងអស់ យើងសម្ពោធសមិទ្ធផលឲ្យកាន់តែច្រើន អាហ្នឹងផ្គើនហើយ ។ បើគេចោទថា យើងអត់យកចិត្តទុកដាក់ ទៅលើប្រជាជន យើងដាក់ចេញកម្មវិធីជួយប្រជាពលរដ្ឋឲ្យច្រើន ផ្តល់អាហាររូបករណ៍ ឲ្យកូនសិស្សឲ្យច្រើន ផ្តល់ជួយពលរដ្ឋ ដែលគាត់ខ្វះ សមត្ថភាពទៅពេទ្យអី កសាងពេទ្យឲ្យច្រើន រុញបណ្ណសមធម៌ឲ្យច្រើន ឲ្យប្រជាពលរដ្ឋ អាហ្នឹងយើងផ្គើនហើយ”។

សម្តេចធិបតីវាយបក ទៅក្រុមប្រឆាំងវិញទៀតថា បើគេចោទប្រកាន់អ្វីមកលើរាជរដ្ឋាភិបាល ក្រុមមន្រ្តីទាំងអស់ ត្រូវធ្វើសកម្មភាពដែលគេចោទនោះទៅវិញ ឲ្យបានច្រើនផុសផុល ដើម្បីផ្គើន និងឌឺដងទៅវិញ។

ជាមួយគ្នានេះដែរ សម្តេចធិបតីថា ពួកគេបានតែស្រែក គ្មានបានសាច់ការ ពីក្រៅប្រទេសនៅលើវេទិកានានាថា សម្តេចមិនធ្វើសកម្មភាពអ្វី ប៉ុន្តែផ្ទុយទៅវិញ សម្តេចបានចុះដោយផ្ទាល់ជួបពលរដ្ឋ ដោយភាពស្និតស្នាលបំផុត ៕

To Top