ព័ត៌មានជាតិ

អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែងស្ថិតនៅសង្កាត់ កោះពង សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវរួមគ្នាឡើងវិញចងក្រងជាសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាលក់ទៅឲ្យអតិថិជនជាគោលដៅរបស់ខ្លួននីមួយៗ។

ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតកៅ ថាច បានអញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា
កែវ ពុន ក្នុងក្រុងសិរីសោភ័ណ ដែលបច្ចុប្បន្ននេះពួកគាត់កំពុងតែចិញ្ចឹមទាយកស៊ុតចំនួនសរុបជាង ៣ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាខេត្តក្រុង។

បន្ទាប់មកទៀតនៅរសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតពេលវេលាអញ្ជើញពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួន ៤សាសន៍ ប្រមាណ ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងតែមានតម្រូវការខ្ពស់។

ទន្ទឹមនឹងនោះ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករពីទីផ្សារលក់របស់អ្នកចិញ្ចឹមទាយកស៊ុតខាងលើ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស៊ុតរួចមកនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យពួកគាត់ចង់ក្រងអ្នកចិញ្ចឹមទាឡើងវិញ ដោយរើសប្រធានសហគមន៍ដឹកនាំមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចរចារទីផ្សារ និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។

ទន្ទឹមនឹងនោះ ក្នុងនាមជាធនាគាររបស់រដ្ឋ ធនាគារ ARDB នៅតែផ្តល់ឱកាសដល់បងប្អូនទូទៅដែលត្រូវការទុនយកទៅពង្រីកកសិដ្ឋានចិញ្ចឹមទា ចិញ្ចឹមមាន់ ចិញ្ចឹមសត្វគ្រប់ប្រភេទដែលមានភាពពិតប្រាកដក និងច្បាប់លាស់គឺ អាចទាក់ទងមកបាននៅក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ៕

To Top