ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ទស្សនកិច្ចមន្ទីរពិសោធន៍ តំបន់ គូលូនខាងលិច និងសារមន្ទីរវិមានក្រុងហុងកុង

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងគណៈប្រតិភូក្នុងឱកាសបំពេញ ទស្សនកិច្ចនៅទី ក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃបញ្ចប់នាថ្ងៃ២៦ មីនា បានអញ្ជើញទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយ នៃក្រុងហុងកុង Synco Hong Kong Ltd.និងតំបន់សំខាន់មួយចំនួនទៀត ។

ទស្សនកិច្ចនេះ ដើម្បីត្រួតពិនិត្យ អំពីដំណើរការផលិត រៀបចំវេចខ្ចប់សារធាតុផ្សំឱសថ យន្តការសុវត្ថិភាព និងគុណភាពសម្រេច ចុងក្រោយ ក៏ដូចជាក្នុងគោលបំណងទាក់ទាញ និងស្វាគមន៍រាល់ វិនិយោគទាំងឡាយក្នុងតំបន់ និងអន្តរជាតិ សម្រាប់សុខាភិបាលកម្ពុជា ។

បន្ទាប់ពីបំពេញទស្សនកិច្ច នៅទីតាំងខាងលើនេះហើយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បន្តទស្សនកិច្ចផ្នែកវប្បធម៌ នៅតំបន់គូលូនខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានឆ្លៀតចូលទស្សនា សារមន្ទីរវិមានក្រុងហុងកុង (Hong Kong Palace Museum) ដែលជាថ្នាលប្រមូលផ្តុំប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ អាស៊ី និងអឺរ៉ុបសម្រាប់ការរៀនសូត្រ បណ្តុះបណ្តាល សម្រាប់ជំនាន់បន្តបន្ទាប់ ៕

To Top