ព័ត៌មានជាតិ

ការលេបប្រម៉ាត់ ទាកាប៉ាស្រស់ មិនអាចព្យាបាល អ្នកជំងឺកាត់ប្រម៉ាត់ទេ

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ពុំមានការស្រាវជ្រាវ ណាមួយរកឃើញថា ការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ ជួយព្យាបាលអ្នកជំងឺ កាត់ប្រម៉ាត់នោះទេ ។

ការលើកឡើង របស់មន្ទីរសុខាភិបាលភ្នំពេញនេះ បន្ទាប់ពីឃើញមានវិដេអូ របស់ស្រ្តីម្នាក់លើកឡើងថា ខ្លួនមានការអាការៈធម្មតា ក្រោយការកាត់ប្រម៉ាត់ ជិត២ឆ្នាំ ដោយសារការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរ សុខាភិបាលភ្នំពេញ នាថ្ងៃ២៦ មីនា បានឲ្យដឹងថា ក្រោយពីបានឃើញ ម្ចាស់គេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះ “ Mommy Natural” បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើងថា “ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ធ្មិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតបអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ ទាកាប៉ាស្រស់ៗនេះឯង” ។

តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាលភ្នំពេញ បញ្ជាក់ទៅវិញថា “គិតមកដល់ ពេលបច្ចុប្បន្ន ពុំទាន់មានការសិក្សាស្រាវជ្រាវ ណាមួយដែលបង្ហាញ ពីលទ្ធផល ប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយសុខភាពសម្រាប់ អ្នកជំងឺកាត់ប្រម៉ាត់នោះទេ” ។

មន្ទីរសុខាភិបាល ក៏ទទូចស្នើ សុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural លុបចោលរូបភាពវីដេអូ និងខ្លឹមសារជៀងវាង មានការភាន់ច្រលំ ព្រមទាំងអំពាវនាវ ដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ ចែករំលែកបន្ត៕

To Top