ភ្នំពេញ ៖ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។

ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រៀបចំឡើង ដោយមានការសប្បាយរីករាយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសាសនាដូចជា ការតាំងពាក់លីកា ពិធីស្រង់ព្រះពុទ្ធរូប ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ មានដូចជា ការសម្តែងទស្សនីយភាពសិល្បៈ របាំបុរាណ របាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយ ដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងការរាំកម្សាន្តសប្បាយៗគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង ។

ព្រមជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមលើកទឹកចិត្តដោយចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ ។
បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានភ្ជាប់ការបើកដំណើរការផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្តវត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តដល់៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី ។

សូមរំលឹកថា ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត៕


