ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាត់ទុកការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម ជាយន្តការដ៏សំខាន់មួយសម្រាប់សមាជិក ក្នុងការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មរបស់កម្ពុជា។

ការលើកឡើងរបស់ លោកស្រី ចម និម្មល នាឱកាសអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) អំឡុងពេលទៅចូលរួមកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ឡើងវិញ គោលនយោបាយពាណិជ្ជកម្មលើកទី៣ នៅទីស្នាក់ការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានេះ លោកស្រីរដ្ឋមន្ត្រី និងលោកស្រី អគ្គនាយិកា បានផ្លាស់ប្តូរយោបល់លើតួនាទី នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុងការគាំទ្រ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសសមាជិកអភិវឌ្ឍន៍តិចតួច និងសារៈសំខាន់នៃយន្តការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្មក្នុង ការពង្រឹងគោលការណ៍តម្លាភាពរបស់ WTO។

លោកស្រី អគ្គនាយិកា បានសម្តែងនូវការកោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្ម របស់កម្ពុជាក្នុងកិច្ចការងាររបស់ WTO ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាអ្នកសម្របសម្រួលក្រុមប្រទេស LDC និងការបំពេញកាតព្វកិច្ចនានា ដូចជាការអនុវត្តបាន ១០០% នៃ កិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលជាដើម។

លោកស្រី អគ្គនាយិកា ក៏បានកោតសរសើរដល់កម្ពុជា ចំពោះការសម្រេចបាននូវម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើពិពិធកម្ម ។
លោកស្រី រដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការលើក ឡើងរបស់ លោកស្រី អគ្គនាយិកា និងបានគូសបញ្ជាក់ អំពីការគាំទ្រ របស់កម្ពុជាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។

លោកស្រី បានចាត់ទុកការត្រួត ពិនិត្យគោលនយោបាយពាណិជ្ជកម្មជាយន្តការ ដ៏សំខាន់មួយសម្រាប់សមាជិក ក្នុងការយល់ដឹងអំពីគោលនយោបាយ និង ការអនុវត្តពាណិជ្ជកម្មរបស់កម្ពុជា និងសម្រាប់កម្ពុជាក្នុងការឆ្លុះ បញ្ចាំងអំពីការអនុវត្តរបស់ខ្លួនផងដែរ។
លោកស្រី រដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការចូលរួមរបស់សមាជិក ដែលបានបង្ហាញចំណាប់អារម្មណ៍មកលើគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មរបស់កម្ពុជា៕
