ព័ត៌មានជាតិ

៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង ៖ នេះសម្រែកកូនពីពន្ធនាគារ ក្រោយប្រើគ្រឿងញៀន ជ្រុលដៃវាយម្តាយ

ភ្នំពេញ ៖ ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធ ដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង ។ រៀបរាប់ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាស នៅបណ្ណាល័យពន្ធនាគារ រាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរលឹកថា ខ្លួនបានដើរលេងជាមួយមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថា វានាំឱ្យមានអារម្មណ៍សប្បាយ។

ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន ហាក់ភ្ញាក់រលឹក ក៏បានលាលែងពីកន្លែងការងារ ដើម្បីគេចពីបនភឿន មករស់នៅជាមួយម្ដាយ ប៉ុន្តែការចាកឆ្ងាយពីគ្រឿងញៀន បានធ្វើឱ្យខ្លួននៅមិនសុខ ចេះតែខឹងមួរម៉ៅ និងបានអះអាងទៀតថា «នរណាមើលមុខ នរណានិយាយច្រើន ដាក់ខ្ញុំក៏បានដែរ»។ ពាក់អាវពណ៌ទឹកក្រូច អង្គុយនិយាយទាំងមានមន្រ្តីពន្ធនាគារឈរតាមដានសកម្មភាពក្នុងបទសម្ភាស យុវជនរូបនេះ បានអះអាងថា ដើមហេតុនាំឱ្យមានការប្រើប្រាស់ អំពើហិង្សាលើម្ដាយ គឺដោយសារតែម្ដាយនិយាយរអ៊ូរទាំ ប្រើប្រាស់ពាក្យសម្ដីជេរ ប្រមាថមកលើខ្លួន និងហាមឃាត់កុំដើរលេង ដាច់យប់ជាមួយមិត្តភក្តិ ដោយខ្លាចនាំឱ្យប្រើប្រាស់គ្រឿងញៀនទៀត។

«វាពិតជាអាក្រកណាស់» យុវជនលាត់មាត់ស្ដីបន្ទោសខ្លួនឯង ដោយបន្តទៀតថា «នៅពេលឮបែបនោះ គឺខ្ញុំដឹងតែពីខឹង……ក៏ឈានទៅវាយតប់ និងច្រានគាត់ឱ្យដួល….»។ គឺសកម្មភាពក្រោមអំណាចគ្រឿងញៀននេះហើយដែលយុវជនរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ មុននឹងមកស្ថិត ក្រោមការឃុំឃាំងនៅពន្ធនាគារPJ ។ រៀបរាប់ទាំងអស់សង្ឃឹម លាយឡំនឹងទឹកភ្នែក យុវជនដដែល បានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងខ្លួនមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង និងកាន់តែមានវិប្បដិសារីជាខ្លាំងលើសកម្មភាពរបស់ខ្លួន ហើយប៉ុន្មានខែមកនេះ ខ្លួនគ្មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនោះទេ ។ នៅពេលសួរថាចង់ឱ្យម្ដាយមកមើលទេ? យុវជនរូបនេះបានទម្លាក់ទឹកមុខចុះ ហើយបែរមុខចេញដោយយកដៃជូតទឹកភ្នែក ។

តាមរយៈបទសម្ភាសជាមួយក្រុមការងារ យុវជនរូបនោះបានបង្ហាញពីក្ដីសង្ឃឹមថា«កុំធ្វើដូចខ្ញុំអី! ខ្ញុំខំគេចពីវាហើយតែវានៅតាមធ្វើបាបខ្ញុំ រហូតខ្ញុំមានទោស ព្រោះវាយម្ដាយ ។ ដកខ្លូនទៅ ពីគ្រឿងញៀន វាអាក្រក់ណាស់….ឥឡូវ ខ្ញុំជាប់ឃុំអស់រយៈពេល៤ខែហើយ ពុំមានអ្នកណាមក សួរសុខទុក្ខខ្ញុំទេ ។ ខ្ញុំពិតជាខុសធ្ងន់ ដែលលើកដៃវាយម៉ាក់ដូច្នេះ! ម៉ាក់! បើម៉ាក់បានអាន ឬឃើញវីដេអូនេះ សូមម៉ាក់មកមើលខ្ញុំផង កូនដឹងកំហុសហើយ…»៕

To Top