ព័ត៌មានជាតិ

១៧ខេត្តហើយ ក្នុងចំណោម ២៥ រាជធានី ខេត្ត បានត្រួតពិនិត្យ តាមដាន និងវាយតម្លៃការ អនុវត្តការងារត្រួត ពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ ៖ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំតាមដានការអនុវត្ត ការងារត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ដោយនៅខេត្តមណ្ឌលគិរី មានការអញ្ជើញចូលរួមជាសហប្រធានដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៤នាក់។

ចំណែកឯនៅខេត្តរតនគិរី មានការអញ្ជើញចូលរួមជាសហប្រធានដឹកនាំដោយ លោក ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានសមាសភាពចូលរួមដោយ លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤០នាក់។

កិច្ចប្រជុំបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៣១/២៤ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាព ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងតាមដានការអនុវត្តការងាររបស់ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

តាមរយៈការរាយការណ៍អំពីសកម្មភាពអនុវត្តការងារ របស់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តមណ្ឌលគិរី និងខេត្តរតនគិរីរួចមក ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំ ឱ្យក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តមណ្ឌលគិរី ត្រូវសហការគ្នាអនុវត្តការត្រួតពិនិត្យ យានយន្តខុសលក្ខណៈបច្ចេកទេស ជាពិសេសយានយន្ត ដែលមានតទ្រុងបន្ថែម ។ លោកប្រធានក្រុមការងារ បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារ ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តរតនគិរី ដែលបានអនុវត្តការងារបានយ៉ាងល្អធានា បានការទប់សហកាត់ការដឹកលើស កម្រិតកំណត់បង្កមកពីការ តទ្រុងបន្ថែមនេះ ។

ក្រុមការងារថ្នាក់ជាតិ ក៏បានស្នើដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តនូវចំណុចរួមចំនួន៦ រួមមាន៖ ១. ចុះអនុវត្តការងារឱ្យបានញឹកញាប់ ២.ស្នើផ្តល់ទីតាំងកូអរដោនេចុះអនុវត្តសកម្មភាព ត្រួតពិនិត្យរថយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ដើម្បីងាយស្រួលតាមដានការអនុវត្តការងារ ៣.ស្នើឱ្យស្វែងរកយានដ្ឋាន ដែលមានអាជ្ញាបណ្ណ និងលក្ខណសម្បត្តិសមស្រប ដើម្បីធ្វើជាដៃគូក្នុងការកែយានយន្តខុសលក្ខណៈបច្ចេកទេសនោះឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់វិញ ៤.ធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេច (ថ្មី) ស្តីពីការកែសម្រួលសមាភាព ក្រុមការងារកែច្នៃខុស លក្ខណៈបច្ចេកទេសខេត្ត ៥.ស្វែងរកទីតាំងសមស្រប ដើម្បីលើកសំណើសុំសាងសង់ ស្ថានីយថ្លឹងយានយន្ត (សម្រាប់ខេត្តមិនទាន់មានស្ថានីយថ្លឹងរថយន្ត) ៦.លុបបំបាត់វប្បធម៌អន្តរាគមន៍។

សូមកត់សម្គាល់ថា ដើម្បីពង្រឹង ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ជាពិសេសការដឹកជញ្ជូនលើ លកម្រិតកំណត់ដែលបង្ក មកពីការកែច្នៃតទ្រុង បន្ថែមខុសពីលក្ខណៈបច្ចេកទេសនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានបំពេញការងារ តាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់រាជធានី ខេត្ត គិតមកត្រឹមពេលនេះ សម្រេចបានចំនួន ១៧ខេត្ត រួចមកហើយ និងនៅសល់រាជធានី ខេត្ត ៨ទៀត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕

To Top