ភ្នំពេញ ៖ នាយប់ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបប្រជុំជាមួយតំណាងទីភ្នាក់ងារ ជ្រើសរើសឯកជន និងបញ្ជូនពលករ ទៅធ្វើការនៅប្រទេសថៃ ដើម្បីពិនិត្យ ប្រមូល និងតាមដានព័ត៌មាន អំពីស្ថានភាព របស់បងប្អូនពលករខ្មែរ នៅក្នុងប្រទេសថៃ បន្ទាប់ពីការកើតមានគ្រោះរញ្ជួយដី ក្នុងទីក្រុងបាងកក និងខេត្តមួយចំនួន ក្នុងប្រទេសថៃ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ។

យោងតាមបណ្ដាញសង្គមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា «ក្រសួង និងទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករ ទៅធ្វើការនៅប្រទេសថៃ នឹងបន្តសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានស្ថានការណ៍ វិវត្តន៍ជាក់ស្តែង» ៕


