ភ្នំពេញ ៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ បណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋាន សាងសង់មួយចំនួន កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ម៉ៅ វុត្ថា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានលើកឡើងថា រញ្ជួយដីកើតឡើង នៅប្រទេសថៃ ក្នុងថ្ងៃនេះអាចចាត់ទុកថា ជាគ្រោះរញ្ជួយដីដែលធ្ងន់ធ្ងរ ជាងគេបំផុត ក្នុងប្រវត្តិរញ្ជួយដី កើតឡើងនៅប្រទេសថៃ។
ឆ្លៀតឱកាសនេះផងដែរ លោក ម៉ៅ វុត្ថា បានស្រាវជ្រាវអំពីបណ្តាប្រវត្តិរញ្ជួយដី ដែលបានកើតឡើង នៅក្នុងប្រទេសថៃ តាំងពីអតីតដល់ថ្ងៃនេះ។
លោក ម៉ៅ វុត្ថា គូសបញ្ជាក់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា «បើនិយាយអំពីប្រវត្តិសាស្រ្ត បែបរឿងនិទានកថា នានាយើងឃើញដែនដីថៃ សំបូររញ្ជួយដីច្រើនប៉ុន្តែភាគច្រើនគេផ្សារ ភ្ជាប់រឿងរញ្ជួយដីនេះ ទៅនឹងអំណាចមហិទ្ធិឬទ្ធិ របស់សត្វនាគ ។ នៅតំបន់ខ្លះនគរទាំងមូល ត្រូវបានបំផ្លាញដោយនាគរាជ ឲ្យក្លាយជាដែនទឹក ដោយសារកំហឹងផ្សេងៗ ប៉ុន្តែបើនិយាយតាមបែបវិទ្យាសាស្រ្តវិញ នោះគឺរញ្ជួយដីនេះឯង ។ ប៉ុន្តែនៅពេល ដែលយើងពិនិត្យមើលកំណត់ត្រា ប្រវត្តិសាស្រ្តដោយរាប់ពីសម័យអយុធ្យា រហូតដល់ពេលបច្ចុប្បន្ននេះគឺមានកំណត់ត្រាអំពីគ្រោះរញ្ជួយដី»។

លោក ម៉ៅ វុត្ថា សង្កត់ធ្ងន់ថាបើយោងតាមពង្សាវតារអយុធ្យាប្រទេសសៀម ធ្លាប់មានគ្រោះរញ្ជួយដីចំនួន៥ដង នៅក្នុងសម័យអយុធ្យា។
-លើកទី១ ,កើតឡើងនៅប្រមាណខែមីនា ឆ្នាំ១៥២៦ ក្នុងរាជ្យព្រះបាទរាមាធិបតីទី២ ដោយមានកំណត់ត្រាថា គ្រោះរញ្ជួយដីពេលនោះនាំឲ្យ ដំរីជាច្រើនក្បាលរងរបួស ទឹកស្រកអស់ ស្រូវស្រែខូចអស់ ។
-លើកទី២, កើតឡើងនៅប្រមាណខែមីនា ឆ្នាំ១៥៤៧ ក្នុងរាជ្យព្រះបាទយ៉តហ្វា។ ក្នុងពេលដែលឡើងសោយរាជ្យបន្តពីព្រះបាទជ័យរាជាធិរាជស្រាប់តែមានបាតុភូតរញ្ជួយពាសពេញទីក្រុង
-លើកទី៣,កើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៥៨៤ ក្នុងរាជ្យព្រះបាទនរេសូរ្យមហារាជ កើតឡើងក្នុងពេល ដែលព្រះបាទនរេសូរ្យលើកទ័ព ចេញទៅជួយច្បាំងនឹងព្រះចៅក្រុងហង្សាវតី ពេលលើកទ័ពមកដល់ខេត្តកំផែងពេជ្រ ក៏កើតរញ្ជួយដីនៅទីនោះ ។
-លើកទី៤ កើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៥៨៨ ក្នុងរាជ្យព្រះបាទនរេសូរ្យមហារាជដដែល ប៉ុន្តែមិនមានព័ត៌មានលម្អិតនោះទេ។
-លើកទី៥ កើតឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៥៩០ ក្នុងរាជ្យព្រះបាទនរេសូរ្យមហារាជដដែល ។
ចប់ពីសម័យអយុធ្យាចូលមកដល់ សម័យរតនកោសិន្រ្ទ មានកំណត់ត្រាអំពីគ្រោះរញ្ជួយដីផងដែរ នៅក្នុងសម័យរជ្ជកាលទី៣ នៃរាជវង្សចក្រីដែលមានក្នុង ពង្សាវតាររតនកោសិន្រ្ទ ។ នៅក្នុងរជ្ជកាលរបស់ព្រះបាទរាមាទី៣ ក្នុងប្រមាណឆ្នាំ១៨៣៩ ពង្សាវាតាបានកត់ត្រាថា មនុស្សនៅទូទាំងផែនដី មានការភ្ញាក់ផ្អើលជ្រួលច្របល់ខ្លាំង ដោយសារផែនដីញ័រ ដោយមិនដឹងមូលហេតុ ។ ចូលមកដល់សតវត្សរ៍ទី២១នេះ ប្រទេសថៃធ្លាប់រង ឥទ្ធិពលរញ្ជួយដី៦ ដងមកហើយ ដែលភាគច្រើន កើតនៅភាគខាងជើង ដែលមានព្រំប្រទល់ជាប់នឹងភូមា (នេះមិនរាប់គ្រោះមហន្តរាយ នៃរលកយក្សស៊ូណាមី ឆ្នាំ២០០៤នោះទេ) ហើយនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ កើតគ្រោះរញ្ជួយដីលើកទី៧ ដែលមានកម្រិត 7.7 បណ្តាលឱ្យអាគារ កំពុងសាងសង់កំពស់៣០ជាន់ បាក់រលំនៅកណ្តាលក្រុងបាងកក ដែលពេលនេះមានមនុស្សប្រមាណជាង៨០នាក់ កំពុងជាប់នៅក្នុងគំនរបាក់បែកនោះ។
តាមរយៈការស្រាវជ្រាវរបស់ខ្លួន លោក ម៉ៅ វុត្ថា បានពន្យល់ពីបាតុភូតរញ្ជួយដីគឺជារំញ័រដែលកើតឡើងពីចលនា របស់សិលាក្រោមផ្ទៃផែនដី។ រញ្ជួយដីភាគ ច្រើនកើតឡើង នៅតំបន់ទើបកករឹងថ្មីៗ នៃសំបកផែនដីដូចជាតំបន់ជួរភ្នំក្មេង តំបន់បំណាក់ស្រុត ដែលតំបន់ទាំងនោះហៅថា ព្រំដែនផ្លាក តិចតូនិច ។ ផ្លាកតិចតូនិចធ្វើចលនានៅក្នុងទិសដៅនិងល្បឿនផ្សេងៗគ្នាហើយបណ្តាលឲ្យព្រំដែនផ្លាកទាំងនោះរុញផ្ទប់គ្នា ឬចាកចេញពីគ្នាដែលបង្ក ឲ្យមានជាបំណាក់ស្រុត ឬពំនើងផ្នត់នៅលើស្រទាប់ផែនដី ។ នៅពេលរញ្ជួយម្តងៗសិលាបញ្ចេញជា ថាមពលធ្វើចលនាឆ្លងកាត់ផែនដី ហៅថារលករញ្ជួយដី ដែលមានពីរបែប គឺរលកក្នុងនិង រលកលើផ្ទៃដីលើ ។ បាតុភូតរញ្ជួយដីត្រូវបានគេវាស់វែង ដោយប្រើមាតដ្ឋានហៅថារីចទីរRichter ដោយបានកំណត់ រង្វាស់ពី១រហូតដល់១០ ។ ការរញ្ជួយដីដែលមានកម្រិតចាប់ពី៦រិចទ័រឡើងទៅគឺនឹងបណ្តាលឲ្យមានជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយកត្តាដែលនាំឲ្យ មានមហន្តរាយ បែបនោះរួមមានការអង្រួនរំញ័រផ្ទៃដី ភក់រាវ និងរលកយក្សស៊ូណាមី ។ រង្វាស់រីចទ័រនេះបង្កើតឡើងដោយលោក Charles Richter អ្នកវិទ្យាសាស្រ្តអាម៉េរិកនៅក្នុងឆ្នាំ១៩៣៥ ។ នៅក្នុងពិភពលោកយើងនេះប្រទេស ដែលកើតគ្រោះរញ្ជួយដីច្រើនជាងគេគឺ លេខ១ចិន ទី២ឥណ្ឌូណេស៊ី ទី៣អ៊ីរ៉ង់ ទី៤ជប៉ុន ទី៥អាម៉េរិក តាមដោយតួកគី ឥណ្ឌានិងហ្វីលីពីន ៕
