ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារ ចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំ ប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករ ទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរ នៅក្នុងប្រទេសថៃ។

សូមជម្រាបជូនថា នៅព្រឹកនេះ ក្រុមការងារអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

សូមបងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈម ដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីលោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រ ដល់បងប្អូនក្នុងគ្រាលំបាកនេះ៕






