ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់ និងអនុវត្តមុខងារឱ្យច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំបណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាពការងារ។

យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជា រដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាពខ្ពស់។

ការណែនាំនេះ ក៏បានយោងលើលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងស្មារតីនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.រ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួង ស្ថាប័នរដ្ឋ ត្រូវកំណត់មុខងាររបស់ខ្លួន ឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាមវិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យ។

រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួង ស្ថាប័ន ត្រូវពិនិត្យ រៀបចំ និងកំណត់ក្របខណ្ឌការងារឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការរៀបចំរចនាសម្ព័ន្ធអង្គភាព, យន្តការស្ថាប័ន និងប្រព័ន្ធការងារ ឬវិធីសាស្ត្របំពេញការងារសមស្របផ្សេងៗ ដើម្បីធានាការអនុវត្តមុខស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាព៕

To Top