ព័ត៌មានជាតិ

សម្តេចធិបតី៖ សុខទុក្ខពលរដ្ឋខ្មែរ រស់នៅនិងធ្វើការនៅមីយ៉ាន់ម៉ា និងថៃ ជាពិសេសតំបន់រញ្ជួយដី ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារ នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។

តាមរយៈសារ នៅលើបណ្តាញសង្គ​ម នាថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចូលរួមនូវការសោកស្តាយ​ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រឹក្សាពលករខ្មែរ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនង ជាមួយប្រជាពលករខ្មែរ ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយឱ្យបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។

សម្តេចធិបតី ថ្លែងថា “សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេស មីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់ រងគ្រោះដោយការរញ្ជួយដី ជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ ឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា”។

សម្តេចធិបតី ក៏បានអំពាវនា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ និងបានជូនពរឱ្យឱ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ៕

To Top