ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែម នូវការសោកស្តាយ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។
តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា “ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនង ជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និង ផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់ បងប្អូនយើង បានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ”។

ក្នុងនោះសម្តេចធិបតី សង្កត់ធ្ងន់ថា “សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះ ដោយការរញ្ជួយដី ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដាន ដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ ជួយដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ យើងនៅទីនោះឱ្យ អស់លទ្ធភាព និងបានទាន់ពេលវេលា”។
បន្ថែមើលនេះ សម្តេចធិបតី បានអំពាវនាឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ ឱ្យទាក់ទងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅប្រទេសនីមួយៗ ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃសៅរ៍នេះ ការរញ្ជួយដីកម្រិតស្រាលសរុប ចំនួន ៧៧ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការរញ្ជួយដីកម្រិត ៨.២ រិចទ័រ នៅជិតទីក្រុង Mandalay កាលពីរសៀលថ្ងៃសុក្រ , នេះបើយោងតាមផ្នែកអង្កេត ការរញ្ជួយដី របស់នាយកដ្ឋានឧតុនិយមថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរញ្ជួយដីដំបូងដែលមានកម្រិត ៨.២ រិចទ័រ និងជម្រៅ ១០ គីឡូម៉ែត្រ ត្រូវបានគេរាយការណ៍នៅម៉ោង ១៖២០នាទី រសៀលនៅជិត Mandalay ចម្ងាយប្រហែល ៣៩២ គីឡូម៉ែត្រពីស្រុក Pang Mapha ក្នុងខេត្ត Mae Hong Son ប្រទេសថៃ។ រញ្ជួយដីបានប៉ះពាល់ដល់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ជាពិសេសទីក្រុងបាងកក បណ្តាលឱ្យខូចខាតអគារនៅក្នុងស្រុកមួយចំនួន៕
