ភ្នំពេញ៖ លោក ម៉ុក ចន្ទសុធា ប្រធានក្រុមអ្នកច្បាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើត ក្រុមអ្នកច្បាប់ ហៅកាត់ ក.ច.ស.ធ. ក្នុងគោលបំណង ផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាព ពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហើយជាយន្តការបំពេញបន្ថែម សំដៅបង្កើនសហថាមពល ក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ថ្លែងក្នុងពិធីប្រកាស សមាភាពជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និង ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល ។

បន្ថែមលើនេះ លោកប្រធាន ក.ច.ស.ធ. បានលើកឡើង បន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណង ផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការ ដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែម ដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ជាមួយគ្នានេះលោកប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការ ទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្ត អំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ ក.ច.ស.ធ.៕


