ព័ត៌មានជាតិ

សម្តេចធិបតី ចូលរួមអបអរសាទរ ដល់បងប្អូនម៉ូស្លីម ទាំងក្នុងនិងក្រៅប្រទេស ដែលបានបញ្ចប់ ពិធីអំណត់បួសខែរ៉ម៉ាឌន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីម នៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ។

តាមរយៈសារជូនពរតាមបណ្តាញសង្គម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា “ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីម នៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥” ។

បន្ថែមលើនេះ សម្តេចធិបតី និងក្រុមគ្រួសារ បានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនម៉ូស្លីម កម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេស បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ​ ការពារ ហើយនឹងថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយបានលុបបំបាត់ចោល នូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរបងប្អូនម៉ូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ និងសូមជូនពរដល់ បងប្អូនម៉ូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅ ដោយជោគជ័យផងដែរ៕

To Top