ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានថ្នាំជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ មីនា នេះ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងតាមអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ សហការ ជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុ ដោយបានស្រាវជ្រាវតាមជំនាញ បង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងដែនដោយ ខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពគ្រឿងញៀន មកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
