កំពង់ស្ពឺ: បុរសពីនាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរម៉ូតូប៉ះជាមួយរថយន្ត លើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1L-4181 អ្នកបើកបរឈ្មោះ កាត សំអុល ភេទប្រុស អាយុ ២៨ឆ្នាំ(ស្លាប់)នៅភូមិទំនប់បាក់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ឌុបមនុស្ស ១នាក់ឈ្មោះ ធី កែវ ភេទប្រុស អាយុ ៤០ឆ្នាំ(ស្លាប់)នៅភូមិច្រកខ្លា ឃុំតាំងស្យា ស្រុកភ្នំស្រួច ។

បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើបានប៉ះជារថយន្ដមួយគ្រឿង ម៉ាកហ៊្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CF-6559 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (គេចខ្លួន ក្រោយពេលកើតហេតុ) ។
សមត្ថកិច្ចបានបន្តទៀតថា រថយន្ត កំពុងបើកបរបញ្រ្ចាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យ បុរសទាំងពីនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តងទៅ ។
ក្រោយកើតហេតុមន្ត្រីជំនាញ បានប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្គុះរងចាំដោះស្រាយ នៅពេលក្រោយ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច
