ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល អន្តរា គមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការ ស៊ីវិលរបស់ខេត្ត

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៥ នេះ បានបើកវគ្គបណ្តុះបណ្តាល អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការ ស៊ីវិលរបស់ខេត្ត ដោយពិធីនេះធ្វើឡើង នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិល ខេត្តកំពង់ចាមប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លើប្រធានបទចំនួន ៤គឺ៖ទី១ ការតាក់តែងអត្ថបទ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី ទី២ ការរៀបចំរបាយការណ៍ ទី៣ ការងារពិធីការ និងទី៤ ការឆ្លុះបញ្ចាំងកិច្ចការសិក្ខាកាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងឲ្យមន្ត្រីចេះការងាររដ្ឋបាល អាចទទួលបាននូវមេរៀនល្អៗ និងបទពិសោធន៍ល្អៗ ជាពិសេសគឺការងារ រដ្ឋបាលដើម្បីជាមូលដ្ឋាន នៃចំណេះដឹងសម្រាប់ការបន្តវេន។

លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានយកឱកាសនោះវាយតម្លៃខ្ពស់ចំពោះ ការផ្ដួចផ្ដើមរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានគិតគូរ ឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ ។

លោក សូ មុនីរក្សា បានមានប្រសាសន៍ឲ្យដឹងទៀតថា ការងាររដ្ឋបាល ប្រសិនបើស្ដាប់វាហាក់ដូចជាធម្មតា ប៉ុន្តែវាជាមូលដ្ឋានគ្រឹះមួយ ដើម្បីយើងឈាន ទៅសម្រេចបានជោគជ័យ ផ្ទុយទៅវិញប្រសិនបើការងារ រដ្ឋបាលរបស់យើងមិនល្អទេ នោះបញ្ហាផ្សេងៗនិងកើតមានច្រើន មកលើខ្លួនយើង ។ ដូច្នេះនេះជាជំហានដំបូង ដែលសិក្ខាកាម ទាំងអស់ត្រូវព្យាយាម ស្វែងយល់ទាំងអស់គ្នា ដើម្បីយកចំណេះដឹងនេះ ទៅសម្រេចការងាររបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អក្នុងអង្គភាពរបស់ខ្លួន។

To Top