ព័ត៌មានជាតិ

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញលេងកម្សាន្ត សប្បាយបានដល់៥ថ្ងៃ ដោយបញ្ចូលគ្នា ផ្លូវថ្មើរជើង និងសង្ក្រាន្តវត្តភ្នំ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមើលនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ​ កម្សាន្តសប្បាយ ។

ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រៀបចំឡើង ដោយមានការសប្បាយរីករាយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសាសនាដូចជាមានការទទួលទេវត្តា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ដោយឡែកសម្រាប់កម្មវិធី កម្សាន្តសប្បាយៗ មានដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងមានប្រគំតន្ត្រី ​បុរាណ-សម័យ ការរាំលេងកម្សាន្ត គ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិពណ៌ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ្ននេះតែម្តង ។

ព្រមជាមួយគ្នានេះ រដ្ឋបាលរាជធា​នីភ្នំពេញ ក៏បានលើកទឹកចិត្ត ឱ្យពលរដ្ឋដែលចូលរួម ស្លៀកសម្លៀកបំពាក់ប្រពៃណី​ ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ ។

បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានភ្ជាប់ការបើកដំណើរ ការផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្ត វត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តដល់៥ថ្ងៃ ​ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី​ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរាជធានីភ្នំពេញ មានប្រសាសន៍ថា “ទាក់ទងជាមួយនឹងកាត្រៀម រៀបចំសង្ក្រាន្តវត្តភ្នំ​ របស់រដ្ឋបាល រាជធានីភ្នំពេញ សម្រាប់ឆ្នាំនេះ គឺមានចំណុចដែល ប្លែកពីឆ្នាំរាល់ដង ដោយសារថាឆ្នាំនេះ យើងមានការផ្សាភ្ជាប់ផ្លូវថ្នើរជើង មករមណីយដ្ឋានវត្តភ្នំ មានន័យថា យើងមានទីតាំងកម្សាន្តពីសង្ក្រាន្តវត្តភ្នំនេះផង ហើយនិងភ្ជាប់ទៅដល់ Walk Street ដែរ ។ មានន័យថា ឆ្នាំនេះ ទីតាំងកម្សាន្តរបស់យើង គឺមានបរិវេណធំឆ្នាំកន្លងទៅ” ។

បន្ថែមលើនេះ លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ថា “អ្វីដែលចាប់អារម្មណ៍ គឺការលេងកម្សាន្ត នៅ Walk Street ​គឺយើងធ្វើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចឹងមានន័យថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា មានន័យថា ថ្ងៃសៅរ៍ និង១៣មេសា ថ្ងៃអាទិត្យនឹង គឺមានការលេងកម្សាន្តស្រាប់ហើយ នៅ Walk Street ដោយឡែកចាប់ពីថ្ងៃទី១៤-១៥-១៦ ទៅ គឺយើងចូលឆ្នាំ ដល់ពេលចូលឆ្នាំ យើងមានសង្ក្រាន្តវត្តភ្នំ ដោយឡែកកម្មវិធីយើងគឺផ្សាភ្ជាប់ពីកម្មវិធី Walk Steet មកសង្ក្រាន្តវត្តភ្នំ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឱ្យមានកម្មវិធីនេះ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ភ្ជាប់គ្នាតែម្តង ។ មានន័យថា រមណីយដ្ឋានវត្តភ្នំ យើងនឹងធ្វើសង្ក្រាន្តរយៈពេល៣ថ្ងៃ ១៤ដល់១៦ តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង ២០យប់ យើងមានកម្មវិធីបែបប្រពៃណី កម្មវិធីសប្បាយកម្សាន្តជាច្រើន មានការទទួលទេវត្តា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ មានប្រគំតន្ត្រី ​បុរាណ-សម័យ ការរាំលេងកម្សាន្ត និងតាំងពិពណ៌ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយឡែកចំពោះ Walk Street វិញ នៅថ្ងៃចូលឆ្នាំនេះ គឺយើងបើករយៈពេល៥ថ្ងៃតែម្តង មានន័យថា តាំងពីថ្ងៃទី១២ ដល់១៦ ចឹងខុសប្លែកពីរាល់សប្តាហ៍ ដែលយើងធ្វើតែ២ថ្ងៃ នៅសប្តាហ៍នៃថ្ងៃចូលឆ្នាំនឹង គឺយើងធ្វើរហូតដល់៥ថ្ងៃ” ។

ដូចបានលើកឡើងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះផងដែរ ។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំសង្ក្រាន្តវត្តភ្នំ អាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌនីមួយៗទាំង១៤ខណ្ឌ ក៏បានត្រៀមរៀបចំធ្វើសង្ក្រាន្តរបស់ខណ្ឌនីមួយៗដែរ ដូចនេះតាមបណ្តាខណ្ឌនីមួយៗ​ មានទីតាំងរៀបចំសង្ក្រាន្ត អបអរសាទរឆ្នាំថ្មីដែរ ដើម្បីបម្រើដល់ការលេងកម្សាន្ត ជូនប្រជាពលរដ្ឋ ។

ដោយឡែកសម្រាប់ការការពារសន្តិសុខសណ្តាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវបានអ្នកនាំពាក្យ គូសបញជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធានាជូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តដោយភាពរីករាយ ដោយមិនក្តីបារម្ភ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ ​មិនបានកាត់បន្ថយកម្លាំង ឬវិធានការណាមួយឡើយ ពោលមិនខុសពីការរៀបចំបុណ្យធំៗ ថ្នាក់ជាតិក្តី ថ្នាក់អន្តរជាតិក្តី ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះដែរ គឺបានត្រៀមរួចរាល់ ក្នុងការផ្តល់នូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ។

សូមរំលឹកថា ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្តត៕

To Top