ភ្នំពេញ ៖ រដ្ឋាភិបាលនៃប្រទេសលុចសំបួ នឹងផ្តល់ថវិកាប្រមាណជា ២លានអឺរ៉ូសម្រាប់ការគាំទ្រ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥ នៅកម្ពុជា។

ការផ្តល់ថវិកានេះ នឹងធ្វើឡើងនាថ្ងៃទី១ មេសា ស្អែក ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន២លានអឺរ៉ូ សម្រាប់ការគាំទ្រ គម្រោងបោសសម្អាតមីន នៅកម្ពុជាក្រោមអធិបតីលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNDP)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិ គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ។
ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផល នៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរ ឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិ ក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕
