ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយឥតសំណងជិត១១លានដុល្លារ ពាក់ព័ន្ធសកម្មភាព កំចាត់មីនកម្ពុជា

ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃ៣១ មីនា នេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានា ពាក់ព័ន្ធទៅនឹងសកម្មភាពកំចាត់មីនកម្ពុជា ។

ពិធីហត្ថលេខានេះ បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តគម្រោង ផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណង សរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ និងគម្រោងសម្រាប់គាំទ្រក្រសួង ២ផ្សេងទៀតសរុប៤គម្រោង ។

គម្រោងទាំង២នោះរួមមាន៖
១. គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។ គម្រោងនេះមានថវិកាសរុប ចំនួន១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន ៖ គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺន អ្នកជំនាញសកម្មភាពមីន ទាំងក្នុងតំបន់និងអន្តរជាតិ។

២. គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ប្រមាណជាង២លានដុល្លារ សម្រាប់គាំទ្រគម្រោងសាងសង់ អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយ អប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន២.៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារ ៕

To Top