ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយ និងជជែកវែកញែកអំពីរឿងរ៉ាវ តុលាការសម្រេចឲ្យស្រ្តី ជាប្រពន្ធដើមជាប់ឃុំបណ្តោះអាសន្ន ដែលប្រើហិង្សាលើស្រ្តីម្នាក់ទៀត ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ប្តីថា ជារឿងអយុត្តិធម៌នោះ នាថ្ងៃ៣១ មីនា នេះ អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ បានបកស្រាយ នូវរាល់ការលើកឡើងនេះថា គឺអនុវត្តតាមផ្លូវច្បាប់ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ នាថ្ងៃ៣១ មីនានេះ បានឲ្យដឹងថា ការឃុំខ្លួនបណ្តោះអាសន្នលើជន ត្រូវចោទឈ្មោះ ឆោ ថុនា ភេទស្រី អាយុ ៣៦ឆ្នាំ ពាក់ព័ន្ធនឹងករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានមនុស្សច្រើននាក់” ។ ជនត្រូវចោទនិងបក្ខពួកបានប្រើប្រាស់ហិង្សាលើជនរងគ្រោះចំនួន២លើក ដោយលើកទី១-កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ និងលើកទី២-ប្រព្រឹត្តនៅ ភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទឈ្មោះ ឆោ ថុនា ភេទស្រី បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងលើជនរងគ្រោះឈ្មោះ មិន ស្រីលីស ចំនួន២កំភ្លៀង ប៉ុន្តែបើផ្អែកទៅតាមចម្លើយ របស់ជនរងគ្រោះ ឈ្មោះ មិន ស្រីលីស ព្រមទាំងភស្តុតាងជារូបភាព និងវីដេអូ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ យល់ឃើញថា ជនត្រូវចោទឈ្មោះ ឆោ ថុនា និងបក្ខពួក ពិតជាបានប្រព្រឹត្តអំពើហិង្សា ទៅលើជនរងគ្រោះ ចំនួន២លើក ប្រាកដមែន ។ ហេតុដូច្នេះចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឆោ ថុនា ភេទស្រី តាមដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលពាក្យ ពីជនរងគ្រោះកាលពីថ្ងៃ៤ មីនា ៕
