ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ ចុះពិនិត្យត្រៀមទទួលស្វាគមន៍ សម្របសម្រួលជូនពលករខ្មែរ នៅច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

គួរបញ្ជាក់ផងដែរថា យោងតាមស្មារតីព្រមព្រៀងរួម រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែង តម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។  

ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករខ្មែរ ដែលមានលិខិតឆ្លងដែន/ លិខិតធ្វើដំណើរពលករកម្ពុជា ទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ មានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕

To Top