កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្តូបវិមានរំលឹកគុណូបការៈដល់យុទ្ធជនចិន២រូបគឺលោក Chen Zhiguo និងលោក Yu Shili ដែលបានពលីក្នុងបុព្វហេតុបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ថ្លែងទៅកាន់អ្នកចូលរួមដែលជាតំណាងអញ្ជើញពីរដ្ឋបាលសាលាស្រុកជើងព្រៃ លោកនាយក គណៈគ្រប់គ្រង សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ប្រជាការពារ និងមហាជនទូទៅប្រមាណ៨០រូប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា ដើម្បីបុព្វហេតុសន្តិភាពកម្ពុជា លោកបានបង្ហូរឈាមនៅលើទឹកដីខ្មែរ និងបានពលីទាំងវ័យក្មេងៗ។ ឈ្មោះរបស់ពួកលោកទាំង២គឺ លោក Chen Zhiguo និង លោក Yu Shili។ ក្នុងនាមជាអ្នកនាំសារនៃមិត្តភាពរវាងប្រទេសទាំងពីរ លោកទាំងពីរបានយកលោហិតរបស់ខ្លួន ស្រោចជាជីបន្ថែមភាពលូតលាស់នៃមែកធាងដើមឈើមិត្តភាពកម្ពុជា-ចិន។ ក្នុងឱកាសនៃពិធីបុណ្យឆេងម៉េង យើងទាំងអស់គ្នាមកកាន់ស្តូបវិមាននេះ ដើម្បីរំលឹកដល់គុណូបការៈគុណរបស់លោកទាំង២ ក្នុងពេលដែលស្តូបវិមាននេះបង្ហាញជាប់ជានិច្ចពីវីរភាពដ៏អង់អាចក្នុងបុព្វហេតុរបស់ប្រទេសចិនរួមចំណែកដល់ការធានាបានសន្តិភាពនៅកម្ពុជាដោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ លោកក៏បានបង្ហាញថា ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក គឹម បូរ៉ាឌី អភិបាលរងនៃគណៈអភិបាលស្រុកជើងព្រៃបានគូសរំលេចពីសាវតារជាតិនៃយុទ្ធជនចិនទាំង២រូបថា ចាប់ពីខែមេសា ឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋាភិបាលចិនបានបញ្ជូនកងទ័ពរក្សាសន្តិភាពមកកម្ពុជា តាមសំណើរបស់អង្គការសហប្រជាជាតិ។ ពួកលោកទាំង២បានឆ្លងកាត់ការលំបាកផ្សេងៗ និងចូលរួមចំណែកជួសជុលផ្លូវជាង៥០០គីឡូម៉ែត្រ សាងសង់ស្ពានចំនួន៣៦កន្លែង ជួសជុលអាកាសយានដ្ឋានចំនួន២ និងសាងសង់បន្ទាយរាប់ពាន់ម៉ែត្រការ៉េ។ ទោះយ៉ាងណា នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៣ ក្នុងអំឡុងពេលដើរល្បាត ទាហានចិនទាំងពីររូបនេះត្រូវបានពលីក្នុងការវាយប្រហារមួយ។ ជារៀងរាល់ឆ្នាំ រដ្ឋបាលស្រុកជើងព្រៃតែងបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងតែងបានរំលឹកព្រឹត្តិការណ៍នេះជាប់ជាប្រចាំ។

ក្នុងនាមអ្នករៀបចំកម្មវិធី លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា ការរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១-គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនចិនដែលបានពលីក្នុងបុព្វហេតុសន្តិភាព ២-ចែករំលែកសារៈសំខាន់នៃគុណតម្លៃសន្តិភាព ៣-ពន្លាតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ទី៤-រំលេចនូវកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៃសង្គមស៊ីវិលរបស់ប្រទេសយើងទាំងពីរក្នុងកិច្ចបង្កើនការអភិវឌ្ឍនៅជនបទ៕
