ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជ ទូតកម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដី នៅប្រទេសថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានក្ដីក្ដុកក្ដួលរន្ធត់ចិត្ត ឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួល រំជួលចិត្តដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខ និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារ នៃសព ដែលបានបាត់បង់ កូនជាទីស្រឡាញ់ ក្នុងឧទ្ទវហេតុគ្រោះរញ្ជួយដីនេះ។ យើងខ្ញុំ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយគ្រោះរញ្ជួយដី បានកើតឡើងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និង សហប្រតិបត្តិ ការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងតាមដានស្ថានភាពនៅទីនោះជាប្រចាំ។

នារសៀលថ្ងៃទី៣១ ខែមីនា នេះ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅ ដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិ នៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។ ទន្ទឹមនេះ ក្រុមការងារ ក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយ សម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសព តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅឯគេហដ្ឋាននៃសពផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពី អាជ្ញាធរមានសមត្ថកិច្ចថៃ។


