កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ មានរៀបចំកម្មវិធីនៃការយល់ដឹងពីប្រពៃណីទំនៀមទម្លាប់បុណ្យឆេងម៉េង។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ជារៀងរាល់ឆ្នាំ នៅក្នុងពេលនៃពិធីបុណ្យឆេងម៉េង ប្រជាជនកម្ពុជាកាត់សែស្រឡាយចិនបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ីដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត ដូចជាការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង ការបង្កើតកម្មវិធីសុខភាព និងកម្មវិធីនានាទាក់ទងនឹងការលើកកម្ពស់បៃតងភាព។ ដោយឡែកឆ្នាំនេះ សមាគមក៏បានបញ្ជ្រាបពីពិធីបុណ្យឆេងម៉េងនេះដោយបានបញ្ចូលពីគំនិតនវានុវត្តនៃការអភិវឌ្ឍបៃតងតាមរយៈបទបង្ហាញស្តីពីរថយន្តអគ្គិសនីBVDបន្ថែមពីលើសកម្មភាពបរិស្ថាននានាដែលបានរៀបរាប់ខាងលើផងដែរ។


លោក ង៉ូវរីន ហាប៉ូនីកា អភិបាលរងស្រុកជើងព្រៃ និងជាអតីតនាយកវិទ្យាល័យ ហ៊ុនសែន ស្គន់ បានជម្រាបថា តាមរយៈបទបង្ហាញនាថ្ងៃនេះ គណៈគ្រប់គ្រង សិស្សានុសិស្ស និងអាណាព្យាបាលបានយល់កាន់តែច្រើនពីកិច្ចការពារបរិស្ថាន និងសមិទ្ធផលជាច្រើនដែលប្រទេសចិនសម្រេចបានក្រោមស្លាកនៃទិវាជាតិអរិយធម៌អេកូឡូស៊ី។ លោកក៏បានសាទរនឹងផលិតផលរថយន្តអគ្គិសនីBVDដែលបានលក់ក្នុងបរិមាណដ៏ច្រើនលើសលុប ជួយយ៉ាងច្រើនដល់ចំណែកនៃកិច្ចបង្កើនសម្រស់បៃតងភាពដល់ផែនដីដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណដល់លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELANDប្រចាំកម្ពុជាដែលបានផ្តល់ដបទឹកអ៊ីណុកចំនួន២០រួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាល័យ។


លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា កិច្ចកសាងសហគមន៍រួមជីវិតនៅក្នុងអរិយធម៌ចិនមានអាយុកាលជាង២៧០០ឆ្នាំ ដោយបានលើកកម្ពស់ការថែរក្សាបរិស្ថានដូចជាការថែរក្សាកែវនេត្រារបស់ខ្លួន។ លោកក៏បានរំលេចថា ការផ្សារភ្ជាប់ជាមួយបរិស្ថានក្នុងពេលបុណ្យឆេងម៉េង បានក្លាយជាចលករដល់ក្រុមការងារមកដាំដើមផ្ការំដួលនៅក្នុងវិទ្យាល័យនេះ ហើយលោកបានបញ្ជាក់ថា ដើមផ្ការំដួលមិនត្រឹមតំណាងផ្កាជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង អាចស្រូបកាបូនឌីអុកស៊ីតបាន២១គីឡូក្រាមក្នុងមួយឆ្នាំទៀតផង។ លោកសង្ឃឹមថា ដើមផ្ការរំដួលនាថ្ងៃនេះ ប្រាកដជាចាក់ឫសយ៉ាងជ្រៅ និងរឹងមាំដូចការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា។

ក្រោយពីស្តាប់បទបង្ហាញនេះ អង្គពិធីទាំងមូលយល់ស្របគ្នាថា ប្រជាជនចិនបានរួមចំណែកដល់កិច្ចបង្កើនអរិយធម៌អេកូឡូស៊ីប្រៀបដូចជាការថែរក្សាកែវនេត្រាទាំងគូរបស់ខ្លួនដូច្នោះដែរ៕
