ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ នៅកម្ពុជាករណីជំងឺមិនឆ្លង ធ្វើឱ្យមនុស្សស្លាប់៦៤%

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ករណីជំងឺមិនឆ្លងបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់កើនឡើងប្រមាណជា៦៤% ខណៈនៅឆ្នាំ២០១៤មានត្រឹមតែ៥២%ប៉ុណ្ណោះ ។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង” ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន នាថ្ងៃ៣១ មីនា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូតទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។

លោកបន្តថា ជំងឺមិនឆ្លងសំខាន់ៗ ចំនួន៤ រួមមាន ៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។


លោកគូសបញ្ជាក់ថា “ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%” ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕

To Top