ព័ត៌មានជាតិ

សម្តេចតេជោទម្លាយថា កូនស្រីម្នាក់របស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពុំមានផ្ទះនៅផ្ទាល់ខ្លួន

ភ្នំពេញ ៖ ក្នុងវេលាចុងក្រោយដែលនឹងជិតបែកបងប្រុសជាទីស្រឡាញ់គឺអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សានជារៀងរហូតគ្មានថ្ងៃជួបគ្នាវិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយអាថ៌កំបាំងមួយថា កូនស្រីម្នាក់របស់បងប្រុស ហ៊ុន សាន គ្មានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺរស់នៅផ្ទះជួលគេ ហើយចៅៗក៏ពុំបានចូលរៀនពេញលេញដែរ។

សម្តេចតេជោបានរៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១ មេសា មុនបញ្ចុះសពឧកញ៉ា ហ៊ុន សាន នាថ្ងៃ២ មេសាស្អែកថា សម្តេចបានជួយពលរដ្ឋពេញមួយនគរ ប៉ុន្តែសម្តេចមិនអាចជួយបងប្រុសសម្តេចបាន ។ អ្វីកាន់តែរំជួលចិត្តទៀតនោះ សម្តេចបានអះអាងថា មានក្មួយស្រីរបស់សម្តេចម្នាក់ជាកូនរបស់បងប្រុស ហ៊ុន សាន កំពុងរស់នៅផ្ទះជួល ហើយកូនៗរបស់ក្មួយស្រីក៏មិនបានរៀនពេញលេញដែរ ។

មូលហេតុរបស់ក្មួយស្រីម្នាក់ដែលគ្មានផ្ទះរស់នៅនេះ ដោយសារសម្តេចមិនបានដឹង ព្រោះកូនៗរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មិនហ៊ានមករំខាន់សម្តេចដែលត្រូវជាឪពុកមាបង្កើត ។

សម្តេចតេជោបន្តថា ក្នុងពេលរៀបចំបុណ្យសព សម្តេចបានបង្ហូរទឹកភ្នែកគ្រប់ពេលវេលាដោយសារក្តីស្រឡាញ់អាណិតបងប្រុស ។ ក្នុងនោះសម្តេចសង្កត់ធ្ងន់ថា នៅថ្ងៃសំអាតខ្លួនអ្នកឧកញ៉ា មុនពេលបញ្ចូលមឈូស សម្តេចបានយំដោយនិយាយខ្លាំងៗថា “ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន”។

សម្តេចតេជោគូសបញ្ជាក់ទៀតថា “រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគគឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ ។ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថា កុំទៅរំខានពូរបស់ពួកឯង។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង” ។

ចំពោះមរណភាពរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សម្តេចតេជោបានរៀបរាប់ទៀតថា សម្តេចបានជំពាក់បំណុលអ្នកឧកញ៉ាច្រើនណាស់ដែលសម្តេចត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់អ្នកឧកញ៉ាហ៊ុន សាន ៕

To Top