កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់។

ក្នុងពិធីជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាថ្ងៃទី៣១ មីនា លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន បង្ក្រាបទប់ស្កាត់បទល្មើសនានា ដោយអនុវត្តតួនាទីភារកិច្ច តាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងបទបញ្ជារបស់ថ្នាក់ដឹកនាំ រួមទាំងខិតខំបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាននៅតំបន់ព្រំដែន។

លោក អភិបាលខេត្ត បន្ថែមថា បន្តរក្សាសាមគ្គី និងទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ពិសេសជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជាមិត្តជាប់ខ្សែបន្ទាត់ព្រំដែន។
លោក អភិបាលខេត្ត បន្ថែមទៀតថា «បន្តការហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានប្រតិកម្ម និងផ្តល់របាយការណ៍ភ្លាមៗ ករណីមានការសាងសង់ ឬរំលោភចូលចំណុចមិនទាន់មានការឯកភាពកំណត់បង្គោលព្រំដែន»។

ក្នុងពិធីសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ មួយចំនួន ជូនដល់បងប្អូនជាកងកម្លាំងឈរជើងនៅព្រំដែនផងដែរ។
