ព័ត៌មានជាតិ

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ជូន លធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ

ភ្នំពេញ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី​ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

លោក ទេព នីថា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំជាពិសេសជូនដល់មន្រ្តី គ.ជ.ប ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ទទួលបានជោគជ័យ គោរពតាមច្បាប់បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

លោកអគ្គលេខាធិការ គ.ជ.ប បានជម្រាបជូនអំពីប្រព័ន្ធចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត​ ដែលត្រូវបានប្រើប្រាស់ជាសកលមានចំនួន ៣ ធំៗគឺ៖ 

ទីមួយ- ប្រព័ន្ធបញ្ជីបោះឆ្នោតមានរយៈពេលកំណត់ (Periodic List )៖ បញ្ជីប្រភេទនេះច្រើនប្រើសម្រាប់ប្រទេសដែលទើបរៀបចំការបោះឆ្នោតជាលើកដំបូង និងត្រូវរៀបចំក្នុងរយៈពេលខ្លី មុនពេលបោះឆ្នោត។ ការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធនេះត្រូវការចំណាយថវិកាច្រើន ព្រោះបញ្ជីនេះប្រើបានតែការបោះឆ្នោតម្តង ហើយបោះឆ្នោតលើកក្រោយត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មីទៀត។ នៅព្រះរាជាណាចក្រកម្ពុជាធ្លាប់ប្រើបញ្ជីនេះម្តង កាលពីសម័យបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះ-អាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “អ៊ុនតាក់”។

ទីពីរ- ប្រព័ន្ធបញ្ជីបោះឆ្នោតតាមអត្រានុកូលដ្ឋាន (Civil Registry List)៖ ប្រព័ន្ធនេះត្រូវរៀបចំបញ្ជីបោះឆ្នោតតាមបញ្ជីអត្រានុកូលដ្ឋាន និងអាសយដ្ឋានរបស់ប្រជាពលរដ្ឋម្នាក់ដូចជាលេខផ្ទះ លេខផ្លូវ និងភូមិជាដើម…។ បញ្ជីប្រភេទនេះចំណាយថវិកាតិចជាង​ បញ្ជីមានរយៈពេលកំណត់ ប៉ុន្តែងាយនឹងបាត់ភាពសម្ងាត់​ នៃទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត និងអាចប៉ោងឡើង ប្រសិនបើមិនបានធ្វើបច្ចុប្បន្នភាពអ្នកទទួលមរណភាព និងអ្នកផ្លាស់ទីលំនៅ។

ទីបី- ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ (Permanent list)៖ ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ គឺស្ថិតនៅចំណុចកណ្តាលរវាងប្រព័ន្ធទាំងពីរខាងលើ ព្រោះប្រព័ន្ធនេះមិនតម្រូវឱ្យរៀបចំបញ្ជីបោះឆ្នោត​ ក្នុងពេលប្រថុចញ៉ុចមុនការបោះឆ្នោត ហើយបញ្ជីនេះត្រូវរក្សាទុកជាអចិន្ត្រៃយ៍​ សម្រាប់ការធ្វើបច្ចុប្បន្នភាពជាប្រចាំតាមការកំណត់នៃច្បាប់ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកក្រោយៗទៀត។

លោក ទេព នីថា បានរំលឹកអំពីប្រវត្តិខ្លះៗពាក់ព័ន្ធនឹងការរៀបចំបញ្ជីបោះឆ្នោត​ នៅព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤ ដែលការចុះឈ្មោះបោះឆ្នោតពេលនោះ គឺត្រូវចុះដោយដៃ រួចបញ្ជូនបញ្ជីឈ្មោះមកបញ្ចូលទិន្នន័យនៅមជ្ឈមណ្ឌលកុំព្យូទ័រនៅថ្នាក់ជាតិ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោត។ 

លោក​ បានបន្តថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត​ ត្រូវបានធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មមួយកម្រិតថែមទៀត តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់​ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្មីឆ្នាំ២០១៥ ដោយបានតម្រូវឱ្យ គ.ជ.ប ធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៦ តាមកម្មវិធីកុំព្យូទ័រតាំងពីថ្នាក់ឃុំ សង្កាត់ដោយក្រុមចុះឈ្មោះបោះឆ្នោត និងដោយបញ្ចូលការដៅសម្គាល់អត្តសញ្ញាណដែលមានតែមួយគត់ សម្រាប់អ្នកបោះឆ្នោតម្នាក់ៗដូចជារូបថត និងស្នាមម្រាមដៃ ឬការដៅសម្គាល់ផ្សេងទៀត។

លោកបានបន្តថា បញ្ជីបោះឆ្នោតឆ្នាំ២០១៦ ដែលត្រូវបានធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោត​ ជាបន្តបន្ទាប់ ក្នុងនោះការបោះឆ្នោត​ ជាសកលសរុបចំនួន ៤លើក រួចមកហើយ ព្រមទាំងត្រូវបានអង្គការខុមហ្វ្រែល​ ធ្វើសវនកម្មជាប្រចាំផងដែរ។ ផ្អែកតាមលទ្ធផលសវនកម្មរបស់អង្គការខុមហ្វ្រែលបានបង្ហាញថាបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលប្រើប្រាស់ក្នុងការបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺមានភាពពេញលេញដល់ទៅ ៩៨.៦៧% និងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺអាចទទួលយកបាន។

លោកអគ្គលេខាធិការ គ.ជ.ប បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធពីបណ្តាប្រទេសនានា ការរៀបចំបញ្ជីបោះឆ្នោតទោះតាមប្រព័ន្ធណាក៏ដោយ ក៏មិនអាចរៀបចំបញ្ជីបោះឆ្នោតបានល្អឥតខ្ចោះដែរ ជាក់ស្តែងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ របស់ គ.ជ.ប បើគិតមកដល់បច្ចុប្បន្ន គឺមានអាយុកាល ១០ឆ្នាំហើយ បើតាមកត្តាធម្មជាតិ ភិនភាគរបស់អ្នកបោះឆ្នោតម្នាក់ៗតែងតែមានការប្រែប្រួល ដូចជាមុខមាត់ចាស់ជាងមុន និងសំណឹកស្នាមម្រាមដៃជាដើម ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត។ ហេតុនេះហើយទើប គ.ជ.ប ចាំបាច់ត្រូវគិតគូរអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុ ង រយៈពេលយ៉ាងតិច ១០ឆ្នាំ (អ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក) 

បន្ថែមពីលើប្រតិបត្តិការដែល គ.ជ.ប បានអនុវត្តក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំកន្លងមក ដោយចាប់ផ្តើមពីឆ្នាំ២០២៥ តទៅ សំដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោតឱ្យកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលជាផ្នែកសំខាន់មួយក្នុងការកសាងទំនុកចិត្តមកលើការបោះឆ្នោត និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១១០នាក់។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេ សមានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕

To Top