ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវា ក្រោមសមត្ថកិច្ច របស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញអធិបតី រួមជាមួយ និងលោកស្រី កែ សួនសុភី ស សុខា ក្នុងពិធសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។
នេះជាស្នាក់ការទី ៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។

លោក ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ស្នាក់ការថ្មីនេះ លោក បានមានប្រសាសន៍ថា បានផ្ដោតលើសេវាដំបូង មានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណប័ណ្ណអាចមកស្នើសុំសេវានេះបាន ទី២ សេវាទុតិយតា ធ្វើឡើងវិញ និងទី៣ពាក់ព័ន្ធការខូច ឬលើសសុពលភាព ក៏ដូចជាកែទិន្នន័យមួយចំនួន ដែលមានលក្ខណៈមិនសមស្របក្នុងគោល ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋក្នុងការកែលម្អ។

លោក បន្តថា «ក្រៅពីសេវា ដែលបានរៀបរាប់ទាំង៣ខាងលើ ស្នាក់ការនៅអ៊ីអន៣នេះ ក៏បានរៀបចំសេវាមួយទៀត គឺសេវាលិខិតឆ្លងដែនដែលជារឿយៗ ក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតី តែងតែចង្អុលបង្ហាញក្នុងគោលដៅដើម្បីផ្ដល់សេវាឱ្យកៀកនឹងប្រជាពលរដ្ឋ ដែលការងារនេះកាលពីចុងអាណត្តិទី៦ រហូតមកដល់ដើមអាណតិ្ត៧ យើងបានពង្រីកវិសាលភាពនៃការផ្ដល់សេវាទាំងនៅអ៊ីអន២ នៅសៀមរាប និងនៅអ៊ីអន៣»។

លោក ឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ជារួមបើគិតពីមន្រ្តីរាជការធម្មតា គឺធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែសម្រាប់នៅអ៊ីអន៣នេះ គឺធ្វើការចាប់ពីថ្ងៃពុធ រហូតដល់អាទិត្យពេលល្ងាច មានន័យថាមន្រ្តីនឹង ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយលើកថ្ងៃទៅផ្តល់សេវា ជូនពលរដ្ឋនៅចុងសប្ដាហ៍វិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដានានា ដែលនៅជិតភ្នំពេញដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ កំពត និងកែប អាចមកស្នើសុំសេវានៅថ្ងៃឈប់សម្រាប់ពីការងាររបស់ពួកគេ ។

ជាថ្មីម្ដងទៀត លោក ក៏បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការពង្រីកសាខាទៅតាមខេត្តដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិ សំណូមពរ របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួល ជូនពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


សូមបញ្ជាក់ថា ស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ ចំពោះពេលវេលា នៃផ្តល់សេវា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច និងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់ សម្រាកផ្លូវការ)។ ពលរដ្ឋអាចទូរសព្ទសួរព័ត៌មាន តាមទូរសព្ទលេខ ០៧៧ ៥១៧ ៧៧៦ សមហរាប់ ទីស្នាក់ការផ្តល់សេវា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខ ០១១ ៥៨២ ២៧៧ សម្រាប់ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕
