ព័ត៌មានជាតិ

ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ កម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» កម្ពុជានិងចិនរួមគ្នាបញ្ចូលវប្បធម៌សរសេរ ក្នុងជំពូកថ្មី ដោយប្រើប្រាស់តន្ត្រីជាស្ពាន

ភ្នំពេញ៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សមាគមយុវជនឌីជីថលកម្ពុជា-ចិន ស្ទូឌីយោវប្បធម៌ចិន Jun Guzheng និងសាលាមធ្យមវិចិត្រសិល្បៈ ទើបការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» នៅជាន់ទី៤៧នៃអគារMorgan ស្ថិតក្នុងបរិវេណកោះពេជ្រ។

ក្នុងឱកាសសាទរ សង្ក្រាន្តឆ្នាំម៉្សាញ់ ប្រពៃណីជនជាតិខ្មែរ ព្រឹត្តិការណ៍នេះបាននាំយកនូវទស្សនីយភាព មហោស្រពតន្ត្រីឆ្លងព្រំដែន ដោយបានទាក់ទាញទស្សនិកជនប្រមាណ៥០០នាក់ចូលរួម ហើយព្រឹត្តិការណ៍នេះ បានបង្ហាញពីភាពទាក់ទាញដ៏ជ្រាលជ្រៅ នៃវប្បធម៌តន្ត្រីប្រពៃណី របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធសារព័ត៌មាន និងវេទិកាផ្សព្វផ្សាយសង្គម របស់ប្រទេសយើងទាំងពីរ ដើម្បីបន្ថែមភាពរឹងមាំ ដល់ការលើកកម្ពស់នៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។

ការប្រគុំតន្ត្រីក្រោមប្រធានបទ «ភ្លេងខ្មែរបុរាណ សម្លេងថ្មី វិថីសូត្រ» បាននាំមកនូវមរតកសិល្បៈតន្ត្រីប្រពៃណីមកពីប្រទេសទាំងពីរ។ សិស្សតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈកម្ពុជាបានប្រគុំតន្ត្រី បុរាណដូចជាបទ «ខ្មែរតែងខ្លួន» «ដំណើរចិន» «ព្រះទីនាំង» និង «ហោមរោង» ជាមួយនឹងឧបករណ៍ដូចជាពិណ រនាថ ស្គរ និង ខ្លុយខ្មែរជាដើម ដោយបានប្រគុំរលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏យូរលង់នៃអរិយធម៌ខ្មែរ។ ដោយឡែកនិស្សិតចិនបានប្រើប្រាស់ឧបករណ៍បុរាណចិនដូចជា ពិណ រនាថ និង ខ្លុយជាដើម ដើម្បីបង្ហាញពីភាពរស់រវើកនៃតន្ត្រីចិនជាមួយនឹងបំណែកល្បីៗដូចជា «ឆ្នេរសៀងហៃ» «ចម្រៀងនៅពេលល្ងាចពីនាវានេសាទ» និង «បម្រែបម្រួលទាំងបីរបស់ផ្កាម៉ីហ័រ»ជាដើម។

ព្រឹត្តិការណ៍នេះ បានឈានដល់ភាពកាន់តែជក់ចិត្តក្នុងពេល ដែលតន្ត្រីករនៃប្រទេសយើងទាំងពីរ បានប្រគុំរួមគ្នាដោយប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរនិងចិន ក្រោមទំនុកបទភ្លេងដែលមានចំណងជើងថា «តន្ត្រីពីវិមានពពក» ហើយបទភ្លេងនេះទទួលបាន ការទះដៃយ៉ាងយូរប្រកបដោយ ភាពរំភើបក្រៃលែង ពីទស្សនិកជនទាំងអស់។

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានមានប្រសាសន៍ថា ការប្រគុំតន្ត្រីនេះអនុញ្ញាត ឱ្យយើងស្តាប់នូវភាពរស់រវើកនៃសិល្បៈប្រពៃណី ហើយព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្លាស់ប្តូរវប្បធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាសាក្សីដ៏សំខាន់មួយទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយើងទាំងពីរ កម្ពុជានិងចិន។

លោកប្រធានក៏បានរំពឹងថាមនុស្សកាន់តែច្រើន នឹងយកចិត្តទុកដាក់ និងស្រឡាញ់តន្ត្រីប្រពៃណី ហើយយុវជនកាន់តែច្រើននឹងបន្តភាពរួមចំណែកកាន់តែខ្លាំងក្នុងបុព្វហេតុនៃមរតកវប្បធម៌ និងនវានុវត្តនៃសិល្បៈតន្ត្រី។

ភាពជោគជ័យនៃការប្រគុំតន្ត្រីនេះ គឺទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបុគ្គល សហគ្រាស និងសង្គមស៊ីវិលនានានៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ មានការអញ្ជើញផ្តល់កិត្តិយសពីលោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ និងអ្នកតំណាងមកពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ផ្សារមូលបត្រកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្រុមហ៊ុនHuawei ក្រុមហ៊ុន wownow ក្រុមហ៊ុនU-Mall ក្រុមហ៊ុនគ្រឿងអលង្ការLuk Fook ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines និងសង្គមស៊ីវិលនានាជាច្រើនទៀត៕

To Top