ព័ត៌មានជាតិ

លោក សាយ គឹមឡម លើកទឹកចិត្ត ដល់កងកម្លាំងទាំងបី និងប្រជាការពារ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនពុកម៉ែបងប្អូនក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យមានប្រសិទ្ធភាពខ្ពស់!

កំពង់ធំ: លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទោង បានមានប្រសាសន៍ លើកទឹកចិត្ត ដូច្នេះក្នុងឱកាសដែល លោកអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងអធិការដ្ឋាន នគរបាលស្រុស្ទោង និងប្រជាការពារ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៥ នៅអធិការដ្ឋាននគរបាលស្រុស្ទោង ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អធិការដ្ឋាន នគរបាលស្រុកស្ទោង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើផែនការសកម្មភាព និងបំណែងចែកតួនាទី/ភារកិច្ចកងកម្លាំង ឱ្យបានត្រឹមត្រូវ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅ តាមបណ្ដាវត្តអារាមនានា សំដៅធានាបាននូវសន្តិសុខសុវត្ថិភាពខ្ពស់ ជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋាន បានកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី ប្រកបដោយភាពជឿទុកចិត្ត ក្រោមម្លប់សុខសន្តិភាព។

លើសពីនេះ លោកបានណែនាំដល់លោកអធិការ នគរបាលស្រុកស្ទោង ត្រូវចេះកៀរគរមូលធនពីសប្បុរសជនជិតឆ្ងាយ ជាពិសេសជាមួយព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តនានា ដើម្បីបានសម្ភារថវិការ សម្រាប់អភិវឌ្ឍអង្គភាព ក៏ដូចជាឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាការពារ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ ក្នុងមូលដ្ឋានជាពិសេសនៅតាមបណ្ដាវត្តអារាម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ និងត្រូវប្រើប្រាស់ធនធានទាំងនេះ ប្រកបដោយគណនេយ្យភាពនិងតម្លាភាពបំផុត។

ជាចុងបញ្ចប់ លោកបានកោតសរសើរ និងថ្លែងអំណរគុណ ដល់បងប្អូន ប្រជាការពារគ្រប់រូប ជាពិសេសបងប្អូនប្រជាកម្ពុជា ស្ត្រីដែលបានខិតខំលះបង់ទាំងកម្លាំង កាយចិត្តពេលវេលាសព្វបែបយ៉ាង ក្នុងការចូលរួមការពារសន្តិសុខទូទៅ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយផ្លែផ្កា គួរឱ្យមោទកភាពក្រៃលែងទោះមិនមានប្រាក់កម្រៃក៏ដោយ។

សូមបញ្ជាក់ថា ស្រុកស្ទោងមានប្រជាការពារសរុប១,៣០៨នាក់ ស្ត្រី១១នាក់ និងបែងចែកចេញជា១២៧ក្រុមផងដែរ៕
ដោយសំនៀង

To Top