ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រុមប្រឆាំងជ្រុលនិយម នៅក្រៅស្រុក គួររៀនសូត្រ តាមបណ្តាបក្សប្រឆាំង នៅបរទេសផ្សេង នៅពេលប្រជាពលរដ្ឋរបស់ខ្លួន ជួបទុក្ខលំបាកជាសកល ទាំងបក្សប្រឆាំ និងបក្សកាន់អំណាច គឺស្រុះគ្នា មិនវាយប្រហាគ្នានោះទេ ដើម្បីឆ្លើយតបលើបញ្ហាចំពោះមុខ តួរយ៉ាងដូចការតម្លើងពន្ធជាសកល របស់សហរដ្ឋអាមេរិក ក្រុមប្រឆាំង គួរតែទុកចោលភាព ប្រឆាំងរបស់ខ្លួន ហើយងាក់មករួមគ្នា ជាទិសដៅតែមួយ ដើម្បីប្រជាពលរដ្ឋខ្មែរ ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងនៅបណ្តាប្រទេសដទៃ ពេលដែលមានទុក្ខជាសកល ពាក់ព័ន្ធនឹងផល ប្រយោជន៍ប្រជាពលរដ្ឋ គេរួមគ្នាជួយគ្នាដោះស្រាយ ផ្ទុយទៅវិញក្រុមប្រឆាំងក្រៅស្រុករបស់កម្ពុជាខុសគេ មិនជួយហើយ បែរជាថែមការបំភិតបំភ័យ បន្លាចប្រជាពលរដ្ឋបន្ថែម ហើយសង្ងំសើចចំអក និងជេរដ្ឋាភិបាលទៅវិញ ។
ក្នុងនោះសម្តេចធិបតី ថ្លែងថា ប្រឆាំងយ៉ាងណាក៏ដោយ នៅពេលដែលប្រទេសជាតិ រងហានិភ័យ ប្រជាជនមានការលំបាក គួរទុកចោលភាពប្រឆាំងនេះ ដើម្បីរួមគ្នាទិសដៅតែមួយ ។ តួយ៉ាងប្រទេសផ្សេងដែលគេជាប់ពន្ធ ដូចជានៅកាណាដា ពេលដែលជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំ ទាំងបក្សកាន់អំណាច គឺស្រុះគ្នា មិនមាននរណាវៃគ្នាទេ គឺគេឆ្លើយតប ដើម្បីអំពាវនាវដូចគ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “តែខុសអីបក្សប្រឆាំងខ្មែរ មែនបក្សប្រឆាំងនៅក្នុងទេ តែអ្នកប្រឆាំងនៅខាងក្រៅ ស្អីក៏ដោយ ពេលដែលលំបាក អត់ព្រមជួយគ្នានេះទេ មកវៃតែគ្នាឯង ជេតែរដ្ឋាភិបាល ។ ទៅមើលនៅថៃ មើលប្រទេសជិតខាង តើបក្សគេវៃ ប្រធានបទផ្សេងៗគេវៃ តែពេលដែលការដាក់ ដែលវាប៉ះពាល់ផល់ប្រយោជន៍ ទៅដល់វិស័យ ទៅដល់កម្មករ កម្មការិនី គេរួមគ្នា គេធ្វើការ ដើម្បីចរចា ឬសុំការយោគយល់ ឥឡូវបងប្អូន សួរថាបក្សប្រឆាំស្រុកខ្មែរ បានធ្វើស្អីខ្លះ? តាំងពី២មកដល់ម៉ោងនេះ ក្រៅពីបន្លាតប្រជាជនបន្ថែម ថាតិចទៀត ២លានអស់ហើយ ការងារ រដ្ឋាភិបាលនេះ ឃើញទេ គេចេញមក រដ្ឋាភិបាលប្រទេសគេ ប្រជុំបន្ទាន់ នាយករដ្ឋមន្ត្រីឯកស្ងាត់ជ្រាប អត់ស្រលាញ់ប្រជាជន ឃើញតែប៉ុណ្ណឹង តែសួរថា ធ្វើអ្វីខ្លះ? អត់ទេ គាត់អាចមកការពារខ្លួនថា ដោយសារគាត់មិនកាន់អំណាច ចឹងគាត់ធ្វើអីអត់បានទេ អត់ទេណា កុំយករួចខ្លួនបែបនេះ ត្រង់អ្នកឯងទៅហៅគេ ឱ្យកាត់ EBA អ្នកឯងទៅគោះទ្វាដល់សភាគេ សុំឱ្យកាត់បាន” ។
បន្ថែមលើនេះ សម្តេចធិបតី បានឱ្យជាយោបល់ ទៅកាន់ក្រុមអ្នកប្រឆាំងជ្រុលនិយមទាំងនោះថា បើឆ្លាត ពេលដែលប្រជាជនមានទុក្ខ កុំមកជាន់កបន្ថែម ក៏មិនបាច់មកស្រលាញ់រដ្ឋាភិបាលនោះដែរ ប៉ុន្តែយ៉ាងហោចណាស់ ក៏បញ្ចេញសារ ឬមួយធ្វើសកម្មភាពអ្វីមួយ ជួយទៅដល់ប្រជាពលរដ្ឋទៅបានហើយ៕
