ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតកម្ពុជា នឹងមានស្ពានក្រោមទឹកឆ្លងកាត់ទន្លេ ខណៈបច្ចុប្បន្នកម្ពុជាមានស្ពានលើទឹក ក្រោមដី និងនៅលើអាកាស ។
ចេញពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានបង្ហាញ មហិច្ចតាយ៉ាងធំធេង សម្រាប់បច្ចុប្បន្ន និង ទៅអនាគតកាលថា សម្តេចនឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ដែលកំពុងតែមានកំណើនជាបន្តបន្ទាប់ ។ ក្នុងនោះសម្តេចធិបតីបានសង្កត់ធ្ងន់ ទៅលើការពង្រីកពង្រីកផ្លូវជាតិបន្ថែម ព្រមទាំងការកសាងស្ពានថ្មីៗទាំងស្ពានអាកាស ស្ពានក្រោមដី និងស្ពានលើទឹក ។
ជាមួយនឹងមហិច្ចតាលើគម្រោង នៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា “ឥឡូវកំពុងតែគិតគូរសិក្សា ថ្ងៃក្រោយខ្ញុំសង្ឃឹមថា យើងនឹងមានអាក្រោមទឹក(ស្ពានក្រោមទឹក) ឆ្លងទន្លេបន្ថែមទៀត…វាទៅចឹង ។ ឥឡូវពីអរិយក្សត្រមកខាងភ្នំពេញ យើងទៅឥឡូវជិះដ សាឡាង”។
បន្ថែមពីគម្រោង ដែលសម្តេចធិបតីប្រកាសនេះ សម្តេចក៏បានប្តេជ្ញា កសាងស្ពានថ្មីៗបន្តទៀត ខណៈបច្ចុប្បន្នតាមផែនការ គឺស្ពានដែលគ្រោងសាង សង់ឡើង មានប្រមាណជា២ទៅ៣ទីតាំង ដូចជាស្ពានឆ្លងកាត់ទន្លេពីតំបន់ផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដីឥដ្ឋជាដើម ៕
