ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានប្រាប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ បានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានា ក្នុងវត្តអារាម ហើយណែនាំកុំឱ្យលេងល្បែងណាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនា នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួង ធ្វើការណែនាំមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ដូចជា ៖ ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
ក្រសួង បន្ដថា ណែនាំឱ្យគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាម បូជនីយដ្ឋាន ស្ថូបតាមវត្តអារាមនានា។
ក្រសួង បន្ថែមថា ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធ្វើយ៉ាងណាឱ្យ ប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្ត សញ្ញាណប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែងណាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ។
ក្រសួង បន្ថែមទៀតថា ណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និង ប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ៕
