ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូ ក្រសួងពិនិត្យស្ថានភាព ភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល

ឧត្តរមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ អញ្ជើញពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ភូមិកញ្ជ្រៀប មានប្រជាពលរដ្ឋរស់នៅចំនួន ៣០៧គ្រួសារ ស្មើនឹង ១ ១៨៣នាក់ ស្រី ៦០២នាក់ មានផ្ទៃដីបង្កបង្កើនផល ១ ៤០០ហិកតា និង មានសក្ដានុពល លើកការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ចិញ្ចឹមសត្វ ដាំបន្លែវិលជុំ ព្រមទាំងមាន សហគមន៍សន្សំប្រាក់ផងដែរ ។ ជាមួយគ្នានោះ ភូមិកញ្ជ្រៀប ក៏មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសហគមន៍កសិកម្ម គោកមនមានជ័យ ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិ គឺអាងអូរអង្គ្រងផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ផងដែរ។

ជាមួយនេះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិត ផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់និងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត ដើម្បីឱ្យប្រជាពលរដ្ឋ មានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។

បន្ទាប់មក លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យចំការ បន្លែរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតផងដែរ ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ សិក្សាបន្ថែមពីត្រូវការ របស់សហគមន៍ តាមវិស័យ ដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រីវិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។

To Top