ព្រះវិហារ ៖ នៅមុនឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈាន មកដល់នាពេលខាងមុខ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ក្រសួងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាឱកាសគួរជាទីសោមនស្សនេះ លោករដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ ការសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលជានិច្ចកាល តែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បង ប្អូននាយទាហាន នាយទាហានរង និងពលទាហាន។ ស្របតាមការយកចិត្តទុកដាក់នេះ ក្រសួងតែងបានកៀរគរថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីនាំមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដូចក្នុងឱកាសនេះជាដើម។

លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ ចំពោះស្មារតី តស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាព របស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំង កាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

លោកបានបន្តថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិ របស់យើងឱ្យ កាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ស្របតាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីវឌ្ឍនភាព មួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជា ប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសប្រជាពលរដ្ឋមានជីវភាពធូរធាជាលំដាប់។

សូមជម្រាបដែរថា នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់ នាពេលខាងមុខនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាថវិកាចំនួន ១៣៣,៣២០,០០០រៀល ៕





