ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញជួបជាមួយ បណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាល លើសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួប ជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាល លើសកម្មភាពមីននៅកម្ពុជា នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយ នៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្ស រាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំង ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។

ជាមួយគ្នានេះសម្តេចធិបតី ក៏ថ្លែងអំណរ គុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រ ដល់រាជរដ្ឋាភិបាល និងបានអំពាវវនាវឱ្យបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០”៕

To Top