ព័ត៌មានជាតិ

KOICA ប្តេជ្ញាគាំទ្រ កិច្ចប្រឹងប្រែង ឥតឈប់ឈរ របស់ក្រសួង សុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” នាថ្ងៃ៧ មេសា រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងលោកស្រី ឆេ មូន ជុង នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា លោកស្រីបានបេ្តជ្ញាចិត្ត យ៉ាងមុតមាំបន្ត កិច្ចសហប្រតិបត្តិការ រួមចំណែក គាំទ្រកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ក្រសួងសុខាភិបាល ក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាព ។

ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តី សោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះការរួមចំណែកដ៏ធំធេង របស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចំបងបំផុត របស់ក្រសួងសុខាភិបាល ។

លោកស្រី ម៉ូន ជុង ឆេបានថ្លែងដែរថា រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការ ទ្វេភាគីដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែង នៃប្រទេសទាំងពីរ។ ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹង ប្រព័ន្ធ សុខាភិបាល ជាពិសេសលើគុណភាព នៃការផ្តល់សេវាសុខភាព នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបាន ទៅនឹង អាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឲ្យកាន់តែប្រសើរ និងបង្ខិតសេវាឲ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានលើកឡើងថា គម្រោងនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាព នៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និង មុខងារប្រតិបត្តិការ នៃប្រព័ន្ធសុខាភិបាល សាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីជំនួយឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ៧លានដុល្លារ៕

To Top