ព័ត៌មានជាតិ

លោក​ ហេង សួរ ជួបពិភាក្សាការងារ ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោក​ ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់កិច្ចសហការដ៏ល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុង វិស័យការងារ យុវជន កិច្ចគាំពារសង្គម និងកំណែទម្រង់គោល នយោបាយការងារជាដើម ។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលជ្រើសរើស ប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ (Asia Pacific Global Accelerator Policy Forum) នៅពេលនេះ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាគាំទ្រ គំនិតផ្តួចផ្តើមនៃវេទិកាគោល នយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលអាចជួយបណ្តាប្រទេសនានា សម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG)។ ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នាក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្ថែមថា នៅក្រោមគោលនយោបាយកាតាលីករសកល (GA) ក៏អាចជួយភ្ជាប់លក្ខខណ្ឌការងារសមរម្យ និងកម្មវិធីគាំពារសង្គមរបស់កម្ពុជា ឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព ហើយវាក៏អាចជួយរកដំណោះ ស្រាយជាមួយភាគីពាក់ព័ន្ធប្រកបដោយ សុវត្ថិភាពសម្រាប់កម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដូច្នេះហើយបានជាក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់យ៉ាងខ្លាំង លើការអភិវឌ្ឍមូលធនមនុស្ស និងកិច្ចគាំការពារសង្គម ដល់ពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប លោកស្រី Mia Seppo បានកោតសរសើរចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។

លោកស្រីបានគូសបញ្ជាក់ថា អង្គការអន្តរជាតិ ខាងការងារ (ILO) កំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ លើការស្ទង់មតិ នៃកម្មវិធីទីផ្សារការងារនៅកម្ពុជា ។ លោកស្រីក៏បានអរគុណលោករដ្ឋមន្រ្តី ហេង សួរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា គោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅពេលនេះ៕

To Top