ព័ត៌មានជាតិ

សម្តេចធិបតី៖ គោលនយោបាយ លើកទឹកចិត្តដល់វិនិយោគិន វិនិយោគក្នុងខេត្តភូមិភាគឦសានទាំង៤​ ផ្តោតខ្លាំងវិនិយោគិន ក្នុងស្រុកតែម្តង

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ នៃគោលនយោបាយ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» មិនសំដៅតែវិនិយោគិន បរទេសនោះទេ តែផ្ទុយមកវិញ ការដាក់ចេញនូវទុន និងថវិកាសម្រាប់ផ្តល់កម្ចី នៅក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំង ទៅលើវិនិយោគិនក្នុងស្រុកតែម្តង ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ មិនមែនសំដៅទៅលើតែវិនិយោគិនក្រៅប្រទេសនោះទេ វិនិយោគិនពីក្នុងប្រទេស ក៏លើកឱ្យដូចគ្នា ហើយក៏មិនសំដៅ តែពីការវិនិយោគពីក្រៅខេត្តនោះដែរ ប្រសិនបើវិនិយោគិន ក្នុងខេត្តចង់វិនិយោគធ្វើអ្វីមួយ ទាំងវិស័យទេសចរណ៍ សកិកម្ម និងកសិ-ឧស្សាហកម្ម កាន់តែត្រូវបានលើកទឹកចិត្តថែមទៀត ។

សម្តេចធិបតី មានប្រសាសន៍ថា “បើអ្នកមណ្ឌលគីរី ត្រូវការបើក Resort ត្រូវការបើករោងចក្រ ត្រូវការបើកកន្លែងកសិកម្ម សូមធ្វើយើងជួយ ចឹងគោលការណ៍មួយនេះ ពិតណាស់ យើងថាវិនិយោគិន អាចបងប្អូនខ្លះយល់ច្រឡំថា ទាល់តែវិនិយោគិនបរទេស មកពីក្រៅប្រទេស អត់ទេ គឺវិនិយោគិនទាំងអស់ ហើយសំខាន់បំផុត ដែលយើងដាក់ចេញនូវទុន ការឧបត្ថម្ភគោលនយោបាយ មួយចំនួន ដែលត្រៀមថវិកាមួយចំនួន សម្រាប់ផ្តល់ឱ្យកម្ចី នៅក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុក​នេះឯង ក្រុមហ៊ុនតូច ក្រុមហ៊ុនកម្រិតមធ្យម SME ដែលយើងចង់បាន” ។

បន្ថែមលើនេះ សម្តេចធិបតី បានឱ្យគិតគូចំពោះការវិនិយោគអ្វីក៏ដោយ ទាំងកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ គឺមិនត្រូវបានហាមឃាត់នោះទេ តែសុំឱ្យគណៈកម្មាធិកា និងគណៈអភិបាលខេត្ត ធ្វើការគិតគូពីការកំណត់តំបន់ឱ្យស្រួលបួល ពោលដើម្បីអាចថែរក្សា ឬកំណត់ជាតំបន់ឧស្សាហកម្មផ្សេង កន្លែងទេសចរណ៍ធម្មជាតិផ្សេង ហើយរុញតំបន់ឧស្សាហកម្មទៅមួយកន្លែង បានន័យថា គិតពីការអភិវឌ្ឍដោយចរីភាព៕

To Top