ព័ត៌មានជាតិ

ក្រុមហ៊ុនបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍ សួនឧស្សាហកម្មចិន បង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍ សួនឧស្សាហកម្មធំៗ បង្ហាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង​ ក្នុងការស្វែងរកឱកាស វិនិយោគនៅនៅកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍ របស់ប្រធានក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល Zhang Lianghong បានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុន នៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះ មានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់ លើដំណោះស្រាយ បរិស្ថាន។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ ក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ ក្នុងការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី​ ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
លើសពីនេះ សម្តេចធិបតី ក៏បានលើកឡើងអំពីការដាក់ចេញ នូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគ លើផ្នែកខ្សែច្រវាក់ផលិតកម្ម ។

ក្នុងឱកាសនោះសម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគ លើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែម អំពីឱកាសវិនិយោគនៅកម្ពុជា៕

To Top