ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ៨ មេសា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារ បានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផល ជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី និងឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃនាយកដ្ឋាននីមួយៗនោះផងដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី មានចំណាប់អារម្មណ៍ឃើញ ទឹកចិត្តសប្បាយរីករាយ នៃថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជាមួយសាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងបានថ្លែងអំណរគុណ ដល់ការដឹកនាំប្រកបដោយទឹកចិត្ត មុះមុតរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីផងដែរ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ចការងារ ។

បន្ថែមពីលើនេះដែរ ក្រសួងសុខាភិបាល នឹងរៀបចំពិធីសូត្រមន្ត ការសម្ដែងរបាំត្រុដិ ពិធីស្រង់ព្រះ និងលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គុញ ទាញព្រ័ត្រ និងដណ្តើមស្លឹកឈើ នាថ្ងៃ១០ មេសា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល ៕











